ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា


KCSM2026-03-25 02-55pm


(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំថ្នាក់ដឹកនាំក្រសួងព័ត៌មាន មកចូលរួមប្រជុំទល់មុខជាមួយគណៈកម្មការទី៥ និងសមាជិកនៃគណៈកម្មការចំនួន៩ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជំរុញ និងលើកកម្ពស់វិស័យព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា។


កិច្ចប្រជុំតទល់គ្នារវាងក្រសួងព័ត៌មាន និងគណៈកម្មការទី៥ និងសមាជិកនៃគណៈកម្មការចំនួន៩ នៃរដ្ឋសភា បានធ្វើឡើងសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ខណៈគណៈកម្មធិការទី៥ នៃរដ្ឋសភាដឹកនាំដោយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា។


នាឱកាសនោះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានក្រសួងព័ត៌មានជាសេនាធិការ មានសមត្ថកិច្ចដឹកនាំផងគ្រប់គ្រង វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា បន្តប្តេជ្ញាចិត្តលើកកម្ពស់ការគោរពសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិសេរីភាពក្នុងការបោះពុម្ពផ្សាយ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ដូចត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ស្របតាមការវិវត្ត និងតម្រូវការក្នុងសង្គម។


លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានជម្រាបថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តវេនពីសម្តេចតេជោ ហ៊ុន សែន គឺក្រសួងព័ត៌មាន បានខិតខំបំពេញ ភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យកាន់តែមានការវិវឌ្ឍន៍រីកចម្រើន ហើយបានផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ទាន់ហេតុការណ៍ និងតាមតម្រូវការស្របតាមអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។


លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានបានដើរតួនាទីជាស្នូលក្នុងការដឹកនាំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការតាមដាន វិភាគ និងវាយតម្លៃព័ត៌មានដែលកំពុងចរាចរនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ផ្សេងៗ ដើម្បីអាចឆ្លើយតបបានទាន់ពេលវេលា។ ជាមួយគ្នានេះ ក្រសួងក៏បានសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួង ស្ថាប័នជំនាញ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន និងចេញការបំភ្លឺជាផ្លូវការដោយផ្អែកលើការពិត និងភស្តុតាងច្បាស់លាស់។


បន្ថែមពីនេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា បទពិសោធន៍បានបង្ហាញថា វិធានការដែលមានប្រសិទ្ធភាព និងមុតស្រួចបំផុតក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ គឺការផ្តល់ព័ត៌មានពិតឱ្យបានលឿន ត្រឹមត្រូវ និងមានភាពទុកចិត្ត។ ការឆ្លើយតបយឺតអាចបង្កឱ្យព័ត៌មានមិនពិតរីករាលដាលបង្កការយល់ច្រឡំក្នុងសាធារណៈមតិ និងបង្កហានិភ័យដល់សង្គម។ ដូច្នេះគោលការណ៍សំខាន់គឺ «កុំទុកឱ្យព័ត៌មានក្លែងក្លាយរស់យូរ ត្រូវដាក់ការពិតជំនួសឱ្យបានលឿន»។ លើសពីនេះក្រសួងព័ត៌មានក៏បានជំរុញការអប់រំផ្សព្វផ្សាយអំពីការប្រើប្រាស់ព័ត៌មានដោយមានការទទួលខុសត្រូវ និងការពង្រឹងចំណេះដឹងផ្នែកព័ត៌មានវិទ្យា (media literacy) ដល់សាធារណជនដើម្បីឱ្យ ប្រជាពលរដ្ឋអាចបែងចែកបានច្បាស់រវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។


លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការប្រឆាំងព័ត៌មានក្លែងក្លាយ មិនមែនជាការងាររបស់ស្ថាប័នណាមួយតែម្នាក់ឯងទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់រាជរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ វិស័យឯកជន និងប្រជាពលរដ្ឋទាំងមូល។ ក្រសួង ព័ត៌មាននឹងបន្តពង្រឹងវិធានការរបស់ខ្លួន ដើម្បីធានាថាព័ត៌មានពិត ក្លាយជាព័ត៌មានដ៏លេចធ្លោ ខណៈព័ត៌មានក្លែងក្លាយត្រូវបានទប់ស្កាត់ និងលុបបំបាត់ឱ្យបានទាន់ពេលវេលា។

ក្រសួងព័ត៌មានសង្កេតឃើញថាការឆ្លើយតបព័ត៌មានមិនពិតមានភាពរហ័ស និងមានប្រសិទ្ធភាពជាងមុន ហើយបានរួមចំណែកកាត់បន្ថយការរីករាលដាលព័ត៌មានបំភាន់ដែលអាចប៉ះពាល់ដល់ស្ថិរភាពសង្គម សន្តិសុខជាតិ និងកិត្តិយសរបស់កម្ពុជា។ ការពង្រឹងយន្តការឆ្លើយតបរួមជាមួយស្ថាប័នពាក់ព័ន្ធក៏បានធ្វើឱ្យការបំភ្លឺព័ត៌មានផ្លូវការ មានភាពជឿទុកចិត្ត និងទទួលបានការគាំទ្រពីសាធារណជនកាន់តែច្រើន។ ការពិតត្រូវតែឈ្នះព័ត៌មានក្លែងក្លាយ ហើយល្បឿននៃការផ្សព្វផ្សាយការពិត គឺជាគន្លឹះនៃជ័យជម្នះនេះ។













Previous Post Next Post