KCSM2026-03-09 03-34pm
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង និងផ្លាស់ប្ដូរស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ជំនួសលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។
ក្នុងអនុក្រឹត្យនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ដោយឡែក លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ មុនត្រូវបានតែងតាំងជាស្នងការ លោកមានតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
សម្រាប់ពិធីប្រកាសចូលកាន់តំណែង បើតាមការគ្រោងទុក នឹងធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ខាងមុខ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ៕




