ក្រុមប្រឹក្សាសន្តិភាព ប្រកាសស្វាគមន៍កម្ពុជា ក្លាយជាសមាជិកស្ថាបនិក «ក្រុមប្រឹក្សាសន្តិភាព»


KCSM 2026-01-28 05-17pm


(ភ្នំពេញ)៖ នៅលើបណ្តាញសង្គម X ក្រុមប្រឹក្សាសន្តិភាព បានប្រកាសស្វាគមន៍កម្ពុជា ក្លាយជាសមាជិកស្ថាបនិក «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្តួចផ្តើមបង្កើតឡើងដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។


សារស្វាគមន៍នេះ ក៏ត្រូវបានយកមកចែកចាយបន្តដោយទំព័រហ្វេសប៊ុករបស់ស្ថា​ន​ទូត​អាមេរិក​ប្រចាំនៅកម្ពុជា។


ក្នុងជំនួបជាមួយមេទ័ពជើងអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សាមូអែល ប៉ាប៉ារ៉ូ កាល​ពីថ្ងៃទី២៦ ខែមករា កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បានសម្រេចចូលជាសមាជិក​ស្ថាបនិកក្រុមប្រឹក្សាសន្តិភាព។ ការសម្រេចចិត្តនេះ​ធ្វើ​ឡើង​​តបតាម ការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ប្រធានា​ធិប​តី​អាមេរិក។


សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់​កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាង និងរក្សាសន្តិភាព គឺជាគោល​ការណ៍​ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្ម​នៅតាម​បណ្តា​ប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។


សម្តេចមហាបវរធិបតី បានបញ្ជាក់ដែរថា ការចូលរួមជាសមាជិកស្ថាបនិក​នៃក្រុម​ប្រឹក្សា​សន្តិ​ភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លាន​ដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ៕



Previous Post Next Post