ឃាត់រថយន្តដឹកសត្វជ្រូក១៦០ក្បាល គ្មានលិខិតអនុញ្ញាតនៅស្រុករវៀង ខេត្តព្រះវិហារ, បើមិនមានលិខិតអនុញ្ញាត ហេតុអ្វីអាចនាំចូលតាមច្រកកំពង់ស្រឡៅបាន?



KCSM 2026-02-05 04-29pm


(ព្រះវិហារ)៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងកម្លាំងអធិការដ្ឋានស្រុករវៀង បានចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវលេខ៩៥ ត្រង់ចំណុចភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។


កម្លាំងបានឃាត់រថយន្ត ១គ្រឿង ម៉ាក HYUNDIA ដឹកជ្រូករស់ចំនួន ១៦០ក្បាល នាំចេញពីប្រទេសឡាវ មកកាន់កម្ពុជា តាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅតាមបណ្ដារាជធានីខេត្ត។


ក្រោយពីមន្ត្រីជំនាញបានពិនិត្យជាក់ស្តែងឃើញថា ការដឹកជញ្ជូនជ្រូករស់ខាងលើ ពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទុយទៅនឹងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។

ជាមួយគ្នានេះដែរ មន្ត្រីជំនាញបាននាំយកវត្ថុតាងមករក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។


មន្រ្តីជំនាញអះអាងថា ការដឹកជញ្ជូននេះគ្មានលិខិតអនុញ្ញាតរបស់ក្រសួងកសិកម្មនោះទេ។ ចេះតែឆ្ងល់បើគ្មានលិខិតអនុញ្ញាត ហេតុអ្វី អាចនាំចូលតាមច្រកព្រំដែនបាន?


មជ្ឈដ្ឋានមួយចំនួនចង់ឃើញមន្រ្តីជំនាញ គួរតែបើកការស្រាវជ្រាវ ជាពិសេសលើក្រុមមន្រ្តី និងសមត្ថកិច្ចដែលប្រចាំការនៅច្រកកំពង់ស្រឡៅ ឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ ពីព្រោះនៅតែបណ្តែតបណ្តោយឲ្យមានលួច នាំចូលខុសច្បាប់បែបនេះ។


ដោយឡែកឈ្មួញដែលលួចនាំចូលនេះ មន្រ្តីជំនាញ គួរស្នើសុំដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការមកទទួលខុសត្រូវតាមច្បាប់ជាធរមាន។








Previous Post Next Post