រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ឋទិវាជាតិទីក្រុងស្អាតលើកទី១៣ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» រួមគ្នាសម្អាតរាជធានីភ្នំពេញ, មួយថ្ងៃនៅភ្នំពេញមានសំរាម៤១០០តោនឩ


KCSM2026-02-23 08-52pm


(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានប្រារព្ឋទិវាជាតិទីក្រុងស្អាតលើកទី១៣ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» ដេីម្បីរួមគ្នាសម្អាតរាជធានីភ្នំពេញ ឲ្យកាន់តែស្អាតល្អ មានអនាម័យ បរិស្ថានល្អថែមទៀត។


ពិធីនេះរៀបចំឡេីងនៅបរិវេណសួនច្បារតេជោមាស តេជោយ៉ត ខណ្ឌដូនពេញ ក្រោមវត្តមាន លោក ហួត ហៃ អភិបារងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានរចូលរួមដើម្បីសម្អាតអនាម័យ បរិស្ថាន នៅសួនច្បារមាត់ទន្លេ និងសួនច្បារនានាផងដែរ។


លោក ហួត ហៃ បានមានប្រសាសន៍ថា កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងសម្អាតរាជធានីភ្នំពេញ ឲ្យកាន់តែស្អាតល្អ មានអនាម័យ បរិស្ថានល្អ ទោះបីរាជធានីភ្នំពេញ មានអនាម័យបរិស្ថានល្អប្រើសើរមួយកំរិតហើយក្តី។ កម្មវិធីនេះដែរក៏មានបំណង ដើម្បីបញ្ជ្រាបនូវការយល់ដឹងទៅដល់ប្រជាពលរដ្ឋឲ្យចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទៅតាមម៉ោង តាមពេលដែលរដ្ឋបាលរាជធានីភ្នំពេញបានកំណត់។ លេីសពីនេះដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បានចូលរួមក្នុងការទុកដាក់ ការបញ្ចេញសម្រាមឲ្យបានត្រឹមត្រូវ ទៅតាមម៉ោងពេល ធ្វើយ៉ាងណាភ្នំពេញរបស់យើង មានអនាម័យល្អ សមជារាជធានីដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។


លោក ហួត ហៃ មានប្រសាសន៍ថា ក្រោយពីមានការកែទម្រង់លើ ការគ្រប់គ្រង ការដឹកជញ្ជូនសំរាម ឃើញថានៅរាជធានីភ្នំពេញ បានកើនឡើងនូវបរិមាណសំរាម គួរឱ្យកត់សំគាល់ ដោយពីមុនការប្រមូលដឹកជញ្ជូនសំរាមបានត្រឹមតែ៣០០០តោន ក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះ ពោលគឺបរិមាណសម្រាម បានកើនឡើងរហូតទៅដល់ ៤១០០តោនក្នុងមួយថ្ងៃ តែទោះបីកើនឡើងបែបនេះ ក៏មិនបានធ្វើឱ្យរាជធានីភ្នំពេញមានគំនរសំរាមដូចមុនទៀតទេ។


លោករំលឹកដែរថា «នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួន ហូបនៅទីណា ពួកគាត់ទុកសំរាមចោលនៅទីនោះ បើទោះបីយើងបានដាក់ធុងសំរាមរាប់រយធុងនៅជិតពួកគាត់ក៏ដោយ»។


លោក ហួត ហៃ ក៏បានបញ្ជាក់ផងដែរថា ដើម្បីឲ្យរាជធានីភ្នំពេញ មានអនាម័យ បរិស្ថានល្អ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការកែទម្រង់ជាច្រើន រហូតមានការកែទម្រង់ពីក្រុមហ៊ុនដឹកសំរាមតែមួយដាច់មុខ មកជាការប្រមូលសម្រាមដោយមានការប្រកួតប្រជែងគ្នារហូត ៣ក្រុមហ៊ុន៕












Previous Post Next Post