KCSM 2026-02-02 04-02pm
(ហ្សាការតា)៖ ប៉ូលិសនៃប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា ស្ថាប័នប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ Interpol បានចេញនិវេទន៍ក្រហម ឬ red notice ដើម្បីចាប់ខ្លួនមហាសេដ្ឋីប្រេងដ៏ធំមួយរបស់ឥណ្ឌូណេស៉ី ជុំវិញរឿងអាស្រូវពុករលួយពាក់ព័ន្ធប្រាក់២៨៥លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃច៏ន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក Mohammad Riza Chalid អាយុ៦៦ឆ្នាំ ដែលគេដាក់រហស្សនាមឱ្យថា បិតាប្រេងរបស់ប្រទេសឥណ្ឌូណេស៉ី កំពុងត្រូវអាជ្ញាធរឥណ្ឌូណេស៉ីរកមុខចាប់ខ្លួន សម្រាប់ការជាប់ពាក់ព័ន្ធក្នុងអំពើផពុករលួយ នៅឯក្រុមហ៊ុនប្រេងរដ្ឋ Pertamina កាលពីចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០២៣។ និវេទន៍ក្រហមត្រូវបានផ្ញើទៅកាន់សមាជិកទាំង១៩៦ របស់ Interpol ដើម្បីស្នើឱ្យអាជ្ញាធរនៅជុំវិញពិភពលោក ជួយស្វែងរកនិងចាប់ខ្លួន លោក Riza។
កាលពីខែកក្កដា ឆ្នាំ២០២៥ លោក Riza រួមជាមួយកូនប្រុសឈ្មោះ Muhammad Kerry Arianto Riza និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀតនៃក្រុមហ៊ុន Pertamina ត្រូវបានកំណត់ឈ្មោះជាជនសង្ស័យក្នុងសំណុំរឿងពុករលួយខាងលើ។ ពួកគេត្រូវបានចោទប្រកាន់ថា គប់គិតគ្នាដើម្បីនាំចូលប្រេងពីអ្នកផ្គត់ផ្គង់ក្រៅប្រទេសក្នុងតម្លៃខ្ពស់ ជាជាងនាំចូលពីប្រភពក្នុងស្រុកផ្ទាល់ ដូចដែលកំណត់ដោយច្បាប់ឥណ្ឌូណេស៉ី។
គួរបញ្ជាក់ថា ឥណ្ឌូណេស៉ីជាប្រទេសមួយ ដែលប្រឈមមុខជាមួយអំពើពុករលួយយូរមកហើយ និងបានចាប់ខ្លួនមន្រ្តីជាច្រើននាក់ អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំ២០២៣ អតីតរដ្ឋមន្រ្តីព័ត៌មានឥណ្ឌូណេស៉ីម្នាក់ ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ១៥ឆ្នាំ បន្ទាប់ពីត្រូវបានរកឃើញ មានទោសប្រព្រឹត្តអំពើពុករលួយ ក្នុងសំណុំរឿងដែលក្រុមអ្នកស៉ើបអង្កេតអះអាងថា ធ្វើឱ្យប្រទេសខាតបង់ប្រាក់ជាង៥៣០លានដុល្លារ៕



