បរិស្ថានជាការចាំបាច់សំរាប់សុខភាព÷កាកសំណល់រាវបង្ហូរចេញពីរោងចក្រសហគ្រាស បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ជីវិតមនុស្ស សត្វ រុក្ខជាតិ បើមិនសំអាតឱ្យបានត្រឹមត្រូវទេនោះ ។



KCSM2026-03-21 04-19pm


(ភ្នំពេញ)៖ កាកសំណល់រាវដែលបង្ហូរចេញពីតាមរោងចក្រសហគ្រាសនានា ជាប្រភពបង្ក​ផល​ប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ជីវិតមនុស្ស សត្វ រុក្ខជាតិ និងជីវៈចម្រុះ​នៅក្នុងទឹក ប្រ​សិន​​បើកាកសំណល់រាវទាំងនោះសំអាតមិនបានត្រឹមត្រូវ មិនបានល្អមុនបង្ហូរ​ចូលទៅកាន់​ទីសាធារណៈ ឬប្រភពទឹកសាធារណៈ។


ក្នុងយុទ្ធសាស្ត្រវិស័យចក្រាការគ្រប់គ្រងគុណភាពទឹកតាមសមុទ្រ ទន្លេ ស្ទឹង បឹងបួរ គឺជា​កិច្ចការអាទិភាពមួយរបស់ក្រសួងបរិស្ថានដឹកនាំដោយលោក អ៊ាង សុផល្លែត ជារដ្ឋ​មន្ត្រី។ នៅក្នុងឆ្នាំ២០២៥កន្លងទៅនេះ ក្រសួងបរិស្ថាន បានទប់ស្កាត់កាកសំណល់​រាវ​រង្វង់​ជិត ២០លានម៉ែត្រគូបនៅតាមរោងចក្រ សហគ្រាសនានាមិនឱ្យហូរទៅកាន់សាធា​រណៈ ឬប្រភពទឹកធម្មជាតិ។


លោក ជូ មុនីដារិន អគ្គនាយករងនៃ​អគ្គ​នា​យក​ដ្ឋាន​គាំពារ​បរិស្ថាន នៃក្រសួងបរិស្ថាន បាន​គូសបញ្ជាក់ថា កាកសំណល់រាវបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ជីវិតមនុស្ស សត្វ រុក្ខជាតិ និងជីវៈចម្រុះនៅក្នុងទឹក ប្រសិនបើកាកសំណល់រាវត្រូវបានបង្ហូរចូល​ប្រភព​​​ទឹក​ធម្មជាតិ មិនបានឆ្លងកាត់ការសំអាតឱ្យបានត្រឹមត្រូវទេនោះ។


ផ្អែកតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ម្ចាស់រោងចក្រសហគ្រាសទាំងឡាយ​នៅកម្ពុជា មានកាតព្វកិច្ចអនុវត្តន៍នូវវិធានបច្ចេកទេសនានា លើការគ្រប់គ្រងកាក​សំណល់ឱ្យបានស្អាតល្អមុននឹងបង្ហូរចេញទៅក្រៅរោងចក្រ ដូចជាការសាងសង់​អាង​ប្រព្រឹត្តកម្មទឹកកខ្វក់ជាដើម។


បើទោះបីជាក្រសួងបរិស្ថាន បានប្រឹងប្រែងផ្សព្វផ្សាយ និងចាត់វិធានការច្បាប់នានាយ៉ាងណាក្តី នៅពេលបច្ចុប្បន្ននេះ គេក៏នៅមើលឃើញថា មានរោងចក្រ សហគ្រាសជាច្រើនមិនអនុវត្តន៍នូវកាតព្វកិច្ចរបស់ខ្លួនឱ្យបានល្អទៅតាមវិធានទាំងឡាយដែលបានកំណត់នៅក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិនៅឡើយនោះទេ។


លោក ជូ មុនីដារិន បានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសទាំងឡាយនៅកម្ពុជា តម្កើងស្មារតីចូលរួមអនុវត្តន៍នូវវិធានទាំងឡាយពាក់ព័ន្ធការគ្រប់គ្រងកាកសំណល់រាវ ដើម្បីលើកកម្ពស់បរិស្ថាននៅកម្ពុជា ។
















Previous Post Next Post