តំណាងអយ្យការបើកការសេុីបសួរ អ្នកបើកបររថយន្ដបង្ក ជាកូនអភិបាលស្រុក​​​​​​​​កងមាស ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌឫស្សីកែវ។


KCSM2026-03-23 01-17pm


(ភ្នំពេញ)៖ ​ក្រោយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនដល់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៉ើបសួរលើអ្នកបើកបររថយន្ដបង្ក និងកូនប្រុសអភិបាលស្រុកកងមាស ខេត្តកំពង់ចាម ពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបុកអ្នកដំណើរម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ នៅខណ្ឌឫស្សីកែវ។


មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅពេលនេះតំណាងអយ្យការកំពុងបន្ដនីតិវិធីនៃការស៉ើបសួរ ហើយមិនទាន់អាចបញ្ជាក់អំពីចំណាត់ការយ៉ាងណានោះទេ ប៉ុន្ដែបើតាមនីតិវិធី ប្រសិនបើតំណាងអយ្យការយល់ឃើញថា អង្គហេតុខាងលើជនសង្ស័យទាំង២នាក់ មានពិរុទ្ធភាពនោះ នឹងត្រូវចោទប្រកាន់ជាផ្លូវការ តាមព្យសនកម្មនៃបទល្មើស ហើយបន្តបញ្ជូនសំណុំរឿងទៅចៅក្រមស៉ើបសួរ។


សូមរំលឹកថា ស្ដ្រីម្នាក់ រួមជាមួយបុរសដែលគេស្គាល់ថាជាកូនអភិបាលស្រុកកងមាស បានបើករថយន្ដបុកអ្នកធ្វើដំណើរតាមដងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់។ ក្រោយមកបុរសដែលជាកូនអភិបាលស្រុក ដែលស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បានបោះសម្ដីថា «បើងាប់សង២មុឺនដុល្លារ» ស្រាប់តែប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុខឹងសម្បា នាំគ្នាដាក់ម្នាក់មួយដៃបែកក្បាលជន។ ហេតុការណ៍​នេះ​ បាន​កេីត​ឡើង​នៅយប់ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​២០២៦​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ១៧១១​ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ៦​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​។


រថយន្ដបង្កម៉ាក FORTHING ពាក់​ផ្លាក​លេខ​ កម្ពុជា​ P.YEAN.7 បានបេីក​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ HONDA TODAY ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1J-4604 បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ភ្លាមៗនោះប្រជាពលរដ្ឋ បានហាមមិនឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នោះទេឲ្យនៅរង់ចាំខាងក្រុមគ្រួសារមកសិនទើបឲ្យទៅ​។


ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញកាមេរ៉ាសុវត្ថិភាពដែលបញ្ជាក់ថា កូនអភិបាលស្រុកកងមាស ខេត្តកំពង់ចាម មិនមែនជាអ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍នោះទេ ពោលអ្នកបើកបរគឺជាស្ដ្រីម្នាក់។ បើមើលតាមស្ថានភាពជាក់ស្ដែង គឺបុរសខាងលើមិនអាចបើករថយន្ដបានឡើយ ដោយសារតែស្ថានភាពស្រវឹងជោគជាំ។


លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ពេលចេញពីកន្លែងផឹកស៊ីមួយនៅខណ្ឌសែនសុខ គឺកូនអភិបាលស្រុក ត្រូវគេគ្រាដាក់ឡានហើយស្រ្តីទៅជាមួយគ្នា ជាអ្នកចូលបើកឡាន រួចបានបង្កគ្រោះថ្នាក់បុកក្មេងប្រុសបណ្តាលឲ្យរបួសធ្ងន់ នៅខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។











Previous Post Next Post