KCSM2026-03-30 12-27pm
(តេអវីវ)៖ នាថ្ងៃសៅរ៍នេះ បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងតេអវីវ និងទីក្រុងមួយចំនួនទៀតក្នុងប្រទេសអ៉ីស្រាអែល ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលជាការជួបជុំដោយមិនមានការអនុញ្ញាត ហើយត្រូវបានកម្លាំងសន្តិសុខព្យាយាមបំបែកដោយបង្ខំ។
ចាប់តាំងពីសង្គ្រាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងនឹងអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈមក ការតវ៉ាប្រឆាំងសង្គ្រាមបានកើតមានឡើងជារៀងរាល់សប្តាហ៍។ ទោះបីជាចំនួនអ្នកចូលរួមមានការកើនឡើងក្តី ប៉ុន្តែវានៅមានកម្រិតតិចតួចនៅឡើយ បើធៀបនឹងបាតុកម្មកាលពីឆ្នាំមុនពាក់ព័ន្ធនឹងសង្គ្រាមនៅហ្គាហ្សា។
គួរបញ្ជាក់ថា ប៉ូលិសបានចាប់ខ្លួនមនុស្ស ១៣នាក់នៅតេអវីវ និង ៥នាក់នៅទីក្រុងហៃហ្វា (Haifa) ដោយចោទប្រកាន់ថាពួកគេបានបង្កការកកស្ទះចរាចរណ៍ និងមិនព្រមស្តាប់តាមការណែនាំ។ ក្រុមអ្នករៀបចំតវ៉ាបានរិះគន់ថា រដ្ឋាភិបាលកំពុងខ្លាចរអាចំពោះការរីកធំនៃចលនាតវ៉ា ទើបបញ្ជាឱ្យប៉ូលិសបង្ក្រាបបែបនេះ។ បាតុករម្នាក់បានលើកឡើងដោយក្ដីខកចិត្តថា «សង្គ្រាមអូសបន្លាយចូលសប្តាហ៍ទី៤ ហើយគ្មាននរណាម្នាក់ដឹងពីគោលដៅពិតប្រាកដ ឬវិធីបញ្ចប់វាឡើយ»៕
ប្រភព:AFP



