KCSM2026-03-17 02-17PM
(វ៉ាស៊ីនតោន)៖ សម្ព័ន្ធមិត្តមួយចំនួនរបស់សហរដ្ឋអាមេរិកបានច្រានចោលការអំពាវនាវរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ ឱ្យបញ្ជូននាវាចម្បាំង ទៅអមការពារកប៉ាល់ដឹកប្រេងធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz បង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីលោកប្រធានាធិបតីអាមេរិកដែលបានចោទប្រកាន់ថា សម្ព័ន្ធមិត្តទាំងនោះរមិលគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិករាប់ទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់បានចូលដល់សប្ដាហ៍ទី៣ហើយដោយមិនមានសញ្ញាពីទីបញ្ចប់នៅឡើយទេ។ Hormuz ជាច្រកសមុទ្រដ៏សំខាន់ ដែល២០ភាគរយនៃប្រេង និងឧស្ម័នធម្មជាតិរបស់ពិភពលោកត្រូវធ្វើដំណើរឆ្លងកាត់នៅតែត្រូវបានបិទ ជាហេតុបណ្ដាលឱ្យតម្លៃថាមពលឡើងថ្លៃ និងការភ័យខ្លាចពីអតិផរណា។
សង្រ្គាមនេះក៏បាននិងកំពុងបង្កផលប៉ះពាល់ផងដែរដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដែលមិនត្រូវបានលោក ត្រាំ ពិគ្រោះយោបល់ឡើយ មុននឹងលោកសម្រេចចិត្តរួមដៃគ្នា ជាមួយអ៉ីស្រាអែលវាយប្រហារលើអ៉ីរ៉ង់។ សម្ព័ន្ធមិត្តអាមេរិកមួយចំនួនដូចជាអាល្លឺម៉ង់ អេស្ប៉ាញ និងអ៉ីតាលី បាននិយាយថាពួកគេមិនមានផែនការបន្ទាន់ដើម្បីបញ្ជូននាវាចម្បាំង ទៅជួយបើកច្រកសមុទ្រ Hormuz ឡើងវិញនោះទេ ខណៈអ៉ីរ៉ង់ត្រូវបានរាយការណ៍ថាបានបិទច្រកនេះដោយប្រើដ្រូន និងមីនសមុទ្រ។
ថ្លែងនៅឯព្រឹត្តិការណ៍មួយនៅឯសេតវិមាន លោក ត្រាំ បាននិយាយថាប្រទេសជាច្រើនបានប្រាប់រូបលោកថាពួកគេត្រៀមលក្ខណៈជាស្រេចដើម្បីជួយ ប៉ុន្តែលោកបានបង្ហាញ ការខកចិត្តចំពោះសម្ព័ន្ធមិត្តចាស់វស្សាមួយចំនួនរបស់សហរដ្ឋអាមេរិកថាមិនចេះដឹងគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិករាប់ទសវត្សរ៍មកនេះ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ក៏បានព្រមានដែរថាបក្សសម្ព័ន្ធយោធា NATO នឹងប្រឈមមុខជាមួយអនាគតដ៏អាក្រក់ ប្រសិនបើក្រុមសម្ព័ន្ធមិត្តអាមេរិកមួយនេះមិនជួយបើកច្រកសមុទ្រ Hormuz ឡើងវិញ។


