KCSM 2026-04-30 05-28pm
(បន្ទាយមានជ័យ)៖ ជនជាតិថៃចំនួន ៦៣៥នាក់ ដែលពាក់ព័ន្ធនឹងការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ និងបណ្តាញឧក្រិដ្ឋកម្មឆ្លែងដែន ត្រូវបានបណ្តេញចេញទៅប្រទេសថៃនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីសមត្ថកិច្ចបានបំពេញបែបបទស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
ចំណែកជនសង្ស័យចំនួន ៣០នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាបាននិងកំពុងរៀបចំអនុវត្តនីតិវិធីច្បាប់បន្តចំពោះបទល្មើសដែលបានប្រព្រឹត្ត។ ការបណ្តេញចេញជនជាតិថៃនេះត្រូវបានធ្វើឡើងដោយមានការសម្របសម្រួល សហការរវាងសមត្ថកិច្ចកម្ពុជានិងថៃ។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនជាតិថៃជាច្រើននាក់ ដែលត្រូវបណ្ដេញចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃវិញនោះ ដែលជនជាតិថៃទាំងនេះ ត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗកន្លងទៅ ពាក់ព័ន្ធបទល្មើស Scam Online និងបទល្មើសមួយចំនួនទៀត។
គិតត្រឹមវេលាម៉ោងជិត ៤រសៀលថ្ងៃនេះ កម្លាំងនគរបាលអន្តោប្រវេសន៍ កំពុងធ្វើនីតិវិធីបណ្តេញចេញជនជាតិថៃជាបន្តបន្ទាប់ ដោយខ្លះត្រូវបានរៀបចំរួចរាល់ និងខ្លះទៀតត្រូវដឹកទៅកាន់ច្រកទ្វារតាមក្រោយទៀត។
សូមរំលឹកថា ប៉ុន្មានថ្ងៃមកនេះ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យមានទាំងនគរបាល អាវុធហត្ថ និងយោធា ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រកឃើញជនបរទេសជាច្រើននាក់។
តាមលទ្ធផលបឋម អាជ្ញាធរកម្ពុជាបានរកឃើញវត្ថុតាងជាច្រើន រួមមាន៖ ទូរស័ព្ទដៃ ៤,៦៨៥ គ្រឿង Monitor ចំនួន ៤១៦ គ្រឿង និងឧបករណ៍ពាក់ព័ន្ធផ្សេងៗ។ ការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិក ក៏បានរកឃើញវេបសាយល្បែងអនឡាញជាច្រើន ដែលមានទិសដៅអតិថិជនទៅកាន់ប្រទេសថៃ។
ដោយសារតែចំនួនជនបរទេសនៅទីតាំងអគារមានច្រើន (ភាគច្រើនជនជាតិចិន) បាននាំគ្នាសម្រុកចេញពីនោះ កម្លាំងសមត្ថកិច្ចក៏បានសម្រេចផ្ទុះអាវុធជាច្រើនគ្រាប់ផងដែរ ដើម្បីទប់ស្កាត់ការសម្រុកពីក្រុមដែលប្រព្រឹត្តបទល្មើស៕










