ចិនបន្តឈរនៅក្បែរកម្ពុជា ដើម្បីធានាថា គ្រប់គម្រោងយុទ្ធសាស្ត្រ និងសន្តិសុខជាតិកម្ពុជា ត្រូវបានការពារ និងអភិវឌ្ឍន៍ឱ្យសម្រេចជោគជ័យ៕



KCSM2026-04-02 03-40pm


(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន បានអះអាងជាថ្មីនូវជំហរឥតងាករេរបស់រដ្ឋាភិបាលចិន ក្នុងការបន្តឈរនៅក្បែរកម្ពុជា ដើម្បីការពារអធិបតេយ្យភាព និងជំរុញគ្រប់គម្រោងយុទ្ធសាស្ត្រឱ្យសម្រេចជោគជ័យ។


ជំនួបនេះ បានធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។


តាមការប្រកាសរបស់រដ្ឋសភា បានឱ្យដឹងថា ចំណុចគន្លឹះសំខាន់ៗក្នុងជំនួបខាងលើនេះ រួមមាន៖


* ចិនបន្តឈរនៅក្បែរកម្ពុជា ដើម្បីពង្រឹងវិស័យការពារជាតិឱ្យកាន់តែរឹងមាំ និងធានាសន្តិសុខយូរអង្វែង។

* ចិនប្តេជ្ញាគាំទ្រពេញទំហឹងលើគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបានជោគជ័យជាប្រវត្តិសាស្ត្រ។

* ចិនបន្តដើរតួនាទីជាស្ពានចម្លងសន្តិភាព សម្របសម្រួល និងស្តាទំនាក់ទំនងឡើងវិញរវាងកម្ពុជា-ថៃ។

* ត្រៀមរៀបចំកិច្ចប្រជុំយន្តការ «២+២» កម្រិតខ្ពស់ ជាមួយវត្តមានរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិន នាពេលឆាប់ៗខាងមុខ។

* សន្យាសហការបច្ចេកទេសយ៉ាងសកម្ម ដើម្បីបោសសម្អាតបទល្មើសអនឡាញឱ្យអស់ពីទឹកដីកម្ពុជា។

* ការលំបាករបស់កម្ពុជាបច្ចុប្បន្នគ្រាន់តែជាឧបសគ្គបណ្ដោះអាសន្ន ហើយកម្ពុជានឹងបន្តអភិវឌ្ឍយ៉ាងលឿននាពេលអនាគត។

* ផ្លែផ្កាសេដ្ឋកិច្ច និងការវិនិយោគ៖ គម្រោងវិនិយោគធំៗជាច្រើនរបស់ចិន នឹងលេចចេញជារូបរាងជាផ្លូវការនៅសប្តាហ៍ក្រោយនេះ។


សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពដែលមិនអាចកាត់ផ្តាច់បាននេះ និងអរគុណមិត្តចិនដែលតែងតែជួយជ្រោមជ្រែងកម្ពុជា ជាពិសេសក្នុងគ្រាលំបាក សំដៅឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និង២០៥០៕










Previous Post Next Post