អុីរ៉ង់គំរាមបិទច្រកសមុទ្រ Hormuz ឡើងវិញ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តបិទខ្ទប់



KCSM2026-04-18 07-18pm


(វ៉ាស៊ីនតោន)៖ អ៉ីរ៉ង់ នៅថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២៦ បានគំរាមថានឹងបិទច្រកសមុទ្រ Hormuz ឡើងវិញ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ ប៉ុន្មានម៉ោងបន្ទាប់ពីផ្លូវទឹកដ៏សំខាន់ មួយនេះត្រូវបានបើកឡើងវិញ ជាការឆ្លើយតបទៅនឹងបទឈប់បាញ់ក្នុងសង្រ្គាមនៅលីបង់រវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។


ការបើកច្រកសមុទ្រ Hormuz ឡើងវិញធ្វើឱ្យទីផ្សារភាគហ៊ុនហក់ឡើងកាលពីថ្ងៃសុក្រ និងជំរុញសុទិដ្ឋិនិយមពីទីក្រុងវ៉ាស៊ីនតោន ដោយក្នុងនោះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រាប់ AFP ថា កិច្ចព្រមព្រៀងសន្តិភាពខិតកាន់តែជិតនឹងសម្រេចបាន ហើយថាអ៉ីរ៉ង់បានយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចដែលជាចំណុចខ្ទាស់ដ៏សំខាន់ក្នុងកិច្ចចរចាកន្លងមក។ ក៏ប៉ុន្តែ អ៉ីរ៉ង់បានច្រានចោល ការអះអាងរបស់លោក ត្រាំ ដោយនិយាយថាស្ដុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួចរបស់ខ្លួននឹងមិនត្រូវបានប្រគល់ទៅកាន់កន្លែងផ្សេងណាមួយឡើយ។ មិនតែប៉ុណ្ណោះ តេហេរ៉ង់ក៏បានព្រមានដែរថាប្រសិននាវាចម្បាំងអាមេរិក នៅតែបន្តបិទខ្ទប់ និងរារាំងមិនឱ្យកប៉ាល់ចេញចូលកំពុងផែអ៉ីរ៉ង់ នោះច្រកសមុទ្រ Hormuz អាចនឹងត្រូវបានបិទឡើងវិញជាថ្មី។


នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ប្រធានសភាអ៉ីរ៉ង់ លោក Mohammad Bagher Ghalibaf បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើការបិទខ្ទប់នៅតែបន្ត នោះច្រកសមុទ្រ Hormuz នឹងមិនអាចបន្តបើកដំណើរការតទៅទៀតនោះទេ»។ លោក Ghalibaf បន្ថែមថាការបិទ ឬបើកច្រកសមុទ្រ Hormuz មិនមែនធ្វើឡើងនៅលើអ៉ីនធើណិតឡើយ ពោលគឺធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ ដែលដឹងយ៉ាងច្បាស់ថាត្រូវធ្វើការឆ្លើយតបបែបណាទៅនឹងសកម្មភាពណាមួយរបស់ភាគីម្ខាងទៀត។


គួរបញ្ជាក់ថា អ៉ីរ៉ង់បានចងភ្ជាប់ការបើកច្រកសមុទ្រ Hormuz ទៅនឹងបទឈប់បាញ់ក្នុងប្រទេសលីបង់។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះបានប្រកាសពី បទឈប់បាញ់១០ថ្ងៃរវាងអ៉ីស្រាអែល និងក្រុមហេសបូឡា ហើយថាលោកផ្ទាល់រំពឹងថាលោក Aoun និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នឹងធ្វើទស្សនកិច្ចទៅកាន់សេតវិមាន ក្នុងពេល ៤ ទៅ៥ថ្ងៃខាងមុខ។


លីបង់បានធ្លាក់ចូលក្នុងភ្លើងសង្រ្គាមនៅថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់បើកការវាយប្រហារលើអ៉ីស្រាអែល ជាការសងសឹកឱ្យការស្លាប់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក​ Ali Khamenei៕



Previous Post Next Post