ស្រ្តីម្នាក់ដែលបានធ្លាយសំឡេងតាមបណ្តាញសង្គមទាក់​ទងនឹងការទិញផ្លែទុរេនពីថៃ ត្រូវនគរបាលខេត្តបាត់ដំបងសម្រេចឃាត់ខ្លួនចាត់ការតាមច្បាប់


KCSM2026-05-04 07-11pm


(បាត់ដំបង)៖ ស្រ្តីឈ្មោះ អាឡែន ដែលធ្លាយសំឡេងតាមបណ្តាញសង្គម Facebook ទាក់​ទងនឹងការទិញផ្លែទុរេនពីថៃ យកមកចែកចាយនៅក្នុងស្រុកខ្មែរ ត្រូវបាននគរបាលខេត្តបាត់ដំបង សម្រេចខ្លួនចាត់ការតាមច្បាប់នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។


ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ បានបញ្ជាក់ថា កម្លាំងនគរបាលរបស់លោកបានសម្រេចឃាត់ខ្លួនគាត់ (ស្រ្តីឈ្មោះ ព្រឿន សាក់ឡែន) ក្រោយបញ្ចប់ការសួរនាំ។


ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាននាំស្រ្តីឈ្មោះ អាឡែន ចូលខ្លួនមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចនគរបាល ជុំវិញការផ្សព្វផ្សាយក្នុងបណ្តាញសង្គមចំពោះរូបគាត់ថា គាត់បាននាំផ្លែទុរេនពីប្រទេសថៃ មកក្នុងប្រទេសកម្ពុជា។


ស្រ្តីឈ្មោះ អាឡែន ដែលមានឈ្មោះពិត គឺឈ្មោះ ព្រឿន សាក់ឡែន អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានឆ្លើយសារភាពថា សារសម្លេងដែលបែកធ្លាយនៅតាមបណ្តាញសង្គមរឿងទិញ លក់ផ្លែទុរេនពីប្រទេសថៃ នាប៉ុន្មានថ្ងៃ កន្លងមកនេះ គឺជាសម្លេងរបស់គាត់ ដែលបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេនពិតមែន។


គាត់បាននិយាយថា ពីខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២៦ គាត់បានទំនាក់ទំនងជាមួយជនជាតិថៃ ធ្លាប់ស្គាល់ និងធ្លាប់រកស៊ីជាមួយគ្នា នាពេលកន្លងមកទិញផ្លែទុរេន បានចំនួន០៣លើក មានចំនួនប្រមាណ ២,០០០គីឡូក្រាម ដោយសារមានអ្នកបញ្ជាទិញនៅខេត្តកំពង់ចាម ហើយទំនិញទាំង៣លើកនេះ គាត់បានដាក់រថយន្តផ្ញើទៅឱ្យអ្នកបញ្ជាទិញ នៅខេត្តកំពង់ចាមផ្ទាល់ នៅពេលគេដឹកមកដល់។


គាត់បានបន្តថា ឈ្មួញនៅថៃ បានរៀបចំផ្ញើមកតាមព្រំដែនកាប៊ីន តែគាត់មិនបានដឹងថា គេផ្ញើមកតាមរបៀបណានោះទេ លុះរថយន្តដឹកមកដល់គាត់ ក៏ទទួលហើយផ្ញើទៅ ខេត្តកំពង់ចាមតែម្តង។


ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ទៀតថា សមត្ថកិច្ចជំនាញកំពុងបន្តធ្វើការស្រាវជ្រាវជុំវិញករណីខាងលើនេះជាបន្តទៀតយ៉ាងយកចិត្តទុកដាក់បំផុត ឈានទៅស្វែងរកអ្នកពាក់ព័ន្ធ ក្នុងករណីខាងលើដើម្បី ចាត់វិធានការស្របតាមនីតិវិធីច្បាប់ ។





Previous Post Next Post