KCSM 2026-01-27 03-49PN
(ព្រៃវែង)៖ លោកស្រី ជុន បូរ៉ានី ភរិយាលោកសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាកសិករ និងពិនិត្យមើលស្ថានភាពផលិតកម្មដំណាំ កសិកម្មជាលក្ខណៈគ្រួសារ ស្ថិតនៅក្នុងភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង។
នៅក្នុងឱកាសចុះផ្ទាល់ដល់ទីតាំងដាំដុះ លោកស្រី ជុន បូរ៉ានី បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើការដាំដុះដំណាំរួមផ្សំជាច្រើនប្រភេទ រួមមាន៖ ដំណាំជីគ្រប់មុខ ដំណាំម្អម និងត្រកួនទឹក។ ជាមួយគ្នានេះ លោកស្រីបានកោត សរសើរការខិតខំប្រឹងប្រែងរបស់បងប្អូនកសិករ ដែលបានចេះច្នៃប្រឌិតផ្ទៃដីទំនេរមកបង្កើតជាប្រភពចំណូល និងធានាបាននូវការផ្គត់ផ្គង់បន្លែសុវត្ថិភាពសម្រាប់គ្រួសារ ក៏ដូចជាទីផ្សារក្នុងមូលដ្ឋាន។
លោកស្រីបានលើកទឹកចិត្តឱ្យកសិករ បន្តពង្រីកការដាំដុះបន្ថែមទៀត ដោយប្រើប្រាស់បច្ចេកទេសកសិកម្មឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនទិន្នផល និងគុណភាព សំដៅលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។
លោកស្រីបានគូសបញ្ជាក់ថា ការចុះជួបសំណេះសំណាល សួសុខទុក្ខ ជាមួយកសិករដាំបន្លែនេះ គឺដើម្បីស្វែងយល់ពីស្ថានភាពការប្រែប្រួល កើនឡើងថយចុះ បរិមាណប្រមូលផលបានប្រចាំថ្ងៃ បញ្ហាប្រឈម ដំណោះស្រាយ លទ្ធភាពនាំចូលទីផ្សា ក្នុងខេត្តនឹងក្រៅខេត្ត។
ក្នុងឱកាសនោះ កសិករដាំបន្លែបានកោតសរសើរ លោកស្រី ជុន បូរ៉ានី ភរិយាអភិបាលខេត្តព្រៃវែង ដែលបានចូលរួមចំណែកយ៉ាងពេញទំហឹង នឹងសកម្ម ក្នុងការជូយគាំទ្រលើកទឹកចិត្តដល់កសិករជាអ្នកផលិតផ្ទាល់ ហើយបានសម្តែងការរីករាយ ចំពោះផលិតកម្មដំណាំបន្លែសម្រាប់រក្សាសន្តិសុខស្បៀង នឹងអាជីវកម្មបង្កើតចំណូលក្រៅប្រព័ន្ធប្រចាំថ្ងៃផងដែរ។
បើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលដាំដំណាំជីគ្រប់មុខ ដំណាំម្អម និងត្រកួនទឹក នៅក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែងនេះ នៅលើផ្ទៃដីប្រមាណ១០ហិកតា ហើយក្នុងមួយថ្ងៃអាចនាំចេញដំណាំ ទាំងអស់ ទៅទីផ្សារប្រមាណ១០តោនផងដែរ៕








