KCSM2026-02-15 12-14pm
(កំពង់ឆ្នាំង)៖ ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើសឈូសឆាយទន្ទ្រានដីតំបន់៣ អស់ជាច្រើនហិកតា នៅចំណុចតាតុន (កោះបូ) ស្ថិតក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ។
បន្ទាប់ពីធ្វើការសាកសួរនៅសាលាដំបូងខេត្តកំពង់ឆ្នាំងរួចមក ជនទាំង២នាក់នេះត្រូវបានបញ្ជូនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីធ្វើការសាកសួរបន្តផងដែរ។
នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ជនសង្ស័យទាំង២នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមកកាន់សាលាដំបូងខេត្តកំពង់ឆ្នាំងវិញ និងបានបញ្ជូនបន្តទៅកាន់ព័ន្ធនាគារខេត្តកំពង់ឆ្នាំង តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ១៦៩ "ញ"ដ.ឃ.ដ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង។
ជនសង្ស័យទាំង២នាក់នេះរួមមាន៖
ទី១៖ ឈ្មោះ យ៉ន ចិន្តា ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិប៉ ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជននេះធ្លាប់ជាប់ពន្ធនាគារ៦ខែពីបទ៖ នេសាទដោយប្រើឧបករណ៍ឆក់។
ទី២៖ ឈ្មោះ ហូយ ហ៊ីម ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅ ក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង ជនទាំង២នាក់នេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ៖ សម គំនិតក្នុងអំពើរបំផ្លាញ និងគៃបំបាត់ ទន្ទ្រាន ហ៊ុមព័ទ្ធ រុករានកាន់កាប់ ដុតកាប់ឆ្ការ ឈូសឆាយ ឬផ្ដួលរលំព្រៃលិចទឹក។ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៩៨ នៃច្បាប់ស្ដីពីជលផល។
ក្នុងដីការបង្គាប់ឱ្យឃុំខ្លួនខាងលើនេះចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទទាំង២នាក់ ដែលមានឈ្មោះ យ៉ន ចិន្តា និងឈ្មោះ ហូយ ហ៊ីម ទៅកាន់ពន្ធនាគារខេត្តកំពង់ឆ្នាំង ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិ វិធីច្បាប់ និងបង្គាប់ឱ្យប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំង ទទួល និងឃុំខ្លួនជនទាំង២នាក់នេះ រហូតដល់មានសេចក្តីសម្រេចផ្សេងពីនេះផងដែរ។




