ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសចាត់វិធានការចាប់ផ្តើមវាយប្រហារទ្រង់ទ្រាយធំប្រឆាំងអុីរ៉ង់


KCSM2026-02-28 03-32pm







(វ៉ាសុីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខប្រកាសជាផ្លូវការពីការចាប់ផ្តើមប្រតិបត្តិការវាយប្រហារលើប្រទេសអុីរ៉ង់ ដែលប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈនេះ។


ក្នុងវីដេអូមួយបង្ហោះនៅលើបណ្តាញសង្គម Truth Social លោកប្រធានាធិបតីអាមេរិក បាននិយាយថា នៅមុននេះបន្តិច យោធាអាមេរិក បានចាប់ផ្តើមប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំ នៅប្រទេសអុីរ៉ង់ ក្នុងគោលដៅការពារប្រជាជាតិអាមេរិក តាមរយៈការកម្ចាត់ការគំរាមកំហែងចំពោះមុខ ពីសំណាក់របបដឹកនាំអុីរ៉ង់។


លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «អុីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ យើងបានព្យាយាមម្តងហើយម្តងទៀត ដើម្បីស្វែងកិច្ចព្រមព្រៀង។ អុីរ៉ង់បានប៉ុនប៉ងកសាងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ក្រោយវាត្រូវបានកម្ទេចកាលពីឆ្នាំមុន។ មិនតែប៉ុណ្ណោះ អុីរ៉ង់កំពុងព្យាយាមអភិវឌ្ឍន៍មីសុីលរយៈចម្ងាយឆ្ងាយ ដែលគំរាមកំហែងសហរដ្ឋអាមេរិក។ ដូច្នេះហើយ យើងនឹងកម្ទេច​មីសុីលរបស់ពួកគេ ហើយបំផ្លាញឧស្សាហកម្មមីសុីលរបស់ពួកគេ ឱ្យក្លាយទៅជាផេះ។ យើងនឹងធានាឱ្យបានថា អុីរ៉ង់គ្មានថ្ងៃកាន់កាប់អាវុធនុយក្លេអ៊ែរជាដាច់ខាត»។


គួរបញ្ជាក់ថា នាថ្ងៃសៅរ៍នេះ អាមេរិកនិងអុីស្រាអែល បានរួមគ្នាបើកការវាយប្រហារតាមផ្លូវអាកាសលើអុីរ៉ង់ ស្របពេលដែលទីក្រុងវ៉ាសុីនតោន ព្យាយាមចរចាបញ្ហានុយក្លេអ៊ែរជាមួយទីក្រុងតេហរ៉ង់ ប៉ុន្តែនៅតែមិនទាន់អាចស្វែងរកកិច្ចព្រមព្រៀងបាន។ ជាច្រើនសប្តាហ៍មកនេះ លោក ត្រាំ បានដាក់ពង្រាយកងកម្លាំងយោធាយ៉ាងធំសម្បើមទៅកាន់តំបន់មជ្ឈឹមបូព៌ា ក្នុងនោះរួមមាននាវាផ្ទុកយន្តហោះចម្បាំង ២គ្រឿង ហើយលោកបានគំរាមម្តងហើយម្តងទៀតថា នឹងវាយប្រហារលើអុីរ៉ង់ ប្រសិនបើមិនអាចស្វែងរកដំណោះស្រាយតាមរយៈ​ការទូត។ កាលពីពាក់កណ្តាលឆ្នាំមុន អាមេរិកធ្លាប់បានចូលរួមសង្រ្គាមផ្លូវអាកាសរបស់អុីស្រាអែល វាយប្រហារលើទីតាំងនុយក្លេអ៊ែរ​របស់អុីរ៉ង់៕

Previous Post Next Post