អុីរ៉ង់បានឆ្លើយតបភ្លាមៗចាប់ផ្តើមបាញ់មីសុីលសងសឹកទៅលើអុីស្រាអែលវិញ ។


KCSM2026-02-28 04-11pm






(ហ៊្សេរុយសាឡិម)៖ យោធាអុីស្រាអែលបានឱ្យដឹងថា ខ្លួនចាប់បានសញ្ញាមីសុីលបាញ់ចេញមកពីប្រទេសអុីរ៉ង់ ហើយសំឡេងសុីរ៉ែន​ប្រកាសអាសន្ន ត្រូវបានបន្លឺឡើងនៅផ្នែកមួយចំនួននៃប្រទេស បន្ទាប់ពីអុីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើ​ប្រទេសអុីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។


យោធាអុីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «មុននេះបន្តិច សុីរ៉ែនប្រកាសអាសន្នត្រូវបានបន្លឺឡើងនៅផ្នែកមួយចំនួននៃផ្ទៃប្រទេស ក្រោយការកំណត់ឃើញថា មីសុីលត្រូវបានចាប់ផ្តើមបាញ់ចេញពីប្រទេសអុីរ៉ង់ ឆ្ពោះមកកាន់ប្រទេសអុីស្រាអែល»។ ទន្ទឹមគ្នានោះ ការផ្ញើសារតាមទូរសព្ទដៃ ត្រូវបានបញ្ជូនទៅកាន់ប្រជាជនអុីស្រាអែល ដោយណែនាំឱ្យពួកគេរត់រកកន្លែងសុវត្ថិភាព។ យោធាអុីស្រាអែល បានអះអាងថា នាពេលនេះ ខ្លួនកំពុងត្រៀមលក្ខណៈដើម្បីស្ទាក់មីសុីលរបស់អុីរ៉ង់។


គួរបញ្ជាក់ថា ការវាយប្រហាររបស់អុីស្រាអែលនាថ្ងៃសៅរ៍នេះលើអុីរ៉ង់ ត្រូវបានធ្វើឡើងរួមគ្នាជាមួយសហរដ្ឋអាមេរិក។ មន្រ្តីអុីស្រាអែល បានអះអាងថា ប្រតិបត្តិការនោះ ត្រូវបានគ្រោងរៀបចំច្រើនខែមកហើយ ហើយកាលបរិច្ឆេទបើកការវាយប្រហារ ត្រូវបានកំណត់តាំងពីប៉ុន្មានសប្តាហ៍មុនមកម្ល៉េះ។ ទោះជាបែបនេះក្តី វាកើតឡើងក្រោយពេល អាមេរិកនិងអុីរ៉ង់ ទើបបញ្ចប់កិច្ចចរចាជុំចុងក្រោយ​ពាក់ព័ន្ធបញ្ហានុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ហើយនៅតែមិនទាន់អាចឈានដល់កិច្ចព្រមព្រៀង។ អុីស្រាអែលនិងអាមេរិក ធ្លាប់រួមគ្នាវាយប្រហារលើអុីរ៉ង់ម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២៥៕


ប្រភព:AFP


Previous Post Next Post