តុលាការខេត្តកណ្ដាល​ សម្រេចឃុំខ្លួនក្រុមក្មេ-ងទំ-នើង និងមុខសញ្ញាធា-ក់ប្ល-ន់យកម៉ូតូចំនួន ១៦នាក់ ដែលធ្វើសកម្មភាពប្រព្រឹត្តបទល្មើសចំនួន ៤ករណីផ្សេងគ្នាក្នុងទឹកដីក្រុងតាខ្មៅ ដាក់ពន្ធនាគារ


17-02-2026 11-04pm




(កណ្ដាល)៖ លោក លាង លីហៀង ចៅក្រមស៊ើបសួរសាលដំបូងខេត្តកណ្ដាល បានសម្រេចឃុំខ្លួនក្រុមក្មេងទំនើង និងមុខសញ្ញាធាក់ប្លន់យកម៉ូតូចំនួន ១៦នាក់ ដែលបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសចំនួន០៤ករណីផ្សេងគ្នា ក្នុងទឹកដីក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្ដោះអាសន្តហើយ ក្រោយតំណាងអយ្យការ លោកស្រី ព្រះរាជអាជ្ញារង ផាន់ សុគន្ធថង បានចោទប្រកាន់រួចមក។


នេះបើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។


អ្នកនាំពាក្យរូបនេះអះអាងថា ពួកគេត្រូវបានចោទប្រកាន់ពីបទ «កាន់កាប់អាវុធប្រហារដោយគ្មានការអនុញ្ញាត្ត (បង្កឡើងដោយក្មេងទំនើង) តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ»។


មាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌចែងថា គ្រប់បុគ្គលដែលនៅក្រៅលំនៅដ្ឋានរបស់ខ្លួន យកតាមខ្លួនឬដឹកជញ្ជូននូវអាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ ខែទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៦លានរៀល។ ត្រូវផ្ដន្ទាទោសដូចគ្នាគ្រប់បុគ្គលដែលនៅក្រៅលំនៅដ្ឋានរបស់ខ្លួនយកតាមខ្លួន ឬដឹកជញ្ជូនអាវុធក្នុងដែនអនុវត្តរបស់មាត្រា ៤៨៩ បទផលិត ឬធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗនៃក្រមព្រហ្មទណ្ឌ។


លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ និងសហការចូលរួមពីប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ប៉ុស្តិ៍នគរបាលសិត្បូ និងប៉ុស្តិ៍នគរបាលកោះអន្លង់ចិន បានធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបបាន០៤ករណីផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។


បើតាមលោកអធិការនគរបាលក្រុងតាខ្មៅឱ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈថា កម្លាំងលោកបានបង្ក្រាបករណីទី១៖ ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ធាក់ប្លន់យកម៉ូតូ ប្រព្រឹត្តល្មើសនៅចំណុចផ្លូវបេតុង ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៤:២០នាទី បង្កដោយក្រុមក្មេងទំនើង។


ករណីទី២៖ ប្រព្រឹត្តល្មើសនៅចំណុចលើផ្លូវ២១ ភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៥:០០នាទី យកម៉ូតូជូនជនរងគ្រោះបានវិញ។


ករណីទី៣៖ ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធប្រហារដោយគ្មានការអនុញ្ញាត្តិ ប្រព្រឹត្តល្មើសនៅចំណុចលើមហាវិថីសុីជិនពីង ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ កាលពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៦ វេលាម៉ោង០៤:២០នាទី


ករណីទី៤៖ ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោសធាក់ប្លន់យក ម៉ូតូប្រព្រឹត្តល្មើសនៅចំណុច ផ្លូវ២១ ស្ពានទី២ មុខស្ថាននីយប្រេង PTT ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល យកម៉ូតូបានជូនជនរងគ្រោះវិញ។


លោកអធិការបង្ហាញឆន្ទៈយ៉ាងមុតមាំថា ដោយគោរពតាមបទបញ្ជាថ្នាក់លើ និងកងកម្លាំងក្រោមឱវាទទាំងអស់ ប្ដេជ្ញាបង្ក្រាបរាល់អំពើល្មើសគ្រប់ទម្រង់ សំដៅស្វែងរកសេចក្ដីសុខជូនសង្គម ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ និងនៅតែបន្តបង្ក្រាបឱ្យដូចភ្លៀងរលឹម ដោយមិនឱ្យជនល្មើសរួចខ្លួនឡើយ៕


អត្ថបទ:fresh news







أحدث أقدم