កម្មករ-កម្មការិនីរោងចក្រ ហេន ៧ ហ្គាម៉ិន បានចូលធ្វើការជាធម្មតាវិញ មានដំណោះស្រាយ បន្ទាប់ពីការបិទផ្លូវតវ៉ា



KCSM2026-03-12 03-59


pm



(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ កម្មករ-កម្មការិនីនៃរោងចក្រ ហេន ៧ ហ្គាម៉ិន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចូលបម្រើការងារជាធម្មតាវិញហើយ បន្ទាប់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដោះស្រាយបញ្ចប់ការទាមទាររបស់ពួកគាត់ចប់សព្វគ្រប់ កាលពីថ្ងៃម្សិលមិញ។


លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា៖ «នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បងប្អូនកម្មករ-កម្មការិនី នៃរោងចក្រ ហេន ៧ ហ្គាម៉ិន បានចូលបម្រើការងារជាធម្មតាវិញហើយ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានដោះស្រាយករណីទាមទាររបស់ពួកគាត់ចប់សព្វគ្រប់ និងយ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ខ្ពស់»។


អ្នកនាំពាក្យដដែលរូបនេះ បានអះអាងថា រាល់បញ្ហានានារបស់បងប្អូនកម្មករ-និយោជិត មិនថាតែក្នុងវិស័យកាត់ដេរ ឬវិស័យផ្សេងទៀតនោះទេ គឺក្រសួងការងារ តែងតែយកចិត្តទុកដាក់ដោះស្រាយដោយលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាពដោយមិនព្រងើយកន្តើយនោះឡើយ។ បន្ថែមពីនេះ កម្មករនិយោជិតទាំងអស់អាចប្តឹង ឬផ្តល់ដំណឹងមកលេខHotline “១២៨៦” ដើម្បីឱ្យមន្ត្រីជំនាញរបស់ក្រសួង ដោះស្រាយបញ្ហាជូន៕

أحدث أقدم