KCSM2026-03-15 02-12
pm
(ភ្នំពេញ)៖ សៀវភៅ «ជម្នះរស់» ដែលជាស្នាដៃផ្ទាល់របស់លោក ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវបានសម្ពោធជាផ្លូវការក្នុងទិវាជាតិអំណានលើក១១ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។
សៀវភៅកម្រាស់ជិត២០០ទំព័រនេះ រៀបរាប់ពីក្រោយអ្វីដែលយុវជន កាញារីទ្ធ បានឆ្លងកាត់របបអាវខ្មៅជាមួយពលរដ្ឋកម្ពុជារាប់លាននាក់ ជាពិសេស យុវជន កាញារីទ្ធ បានចូលរួមរៀបចំ និងកសាងកម្ពុជាឡើងវិញនៅ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជាបញ្ញវន្តមួយរូប សមមិត្ត កាញារីទ្ធ បានក្លាយជានិពន្ធនាយកនៃសារព័ត៌មាន «កម្ពុជា» និងជាតំណាងរាស្ត្រ ដែលអនុញ្ញាតឱ្យលោកបានធ្វើដំណើរដល់គ្រប់ទីកន្លែងទាំងក្នុងប្រទេស និងក្រៅ នៅក្នុងស្ថានភាពនៃកម្ពុជា «ជម្នះរស់»។
តាមរយៈសៀវភៅនេះ លោក ខៀវ កាញារីទ្ធ បានរំញោចដល់មិត្តអ្នកអានឱ្យបញ្ឈប់គំនិតស្អប់សត្រូវ ហើយ ងាកទៅសិក្សាឈ្វេងយល់ពីបណ្ដាប្រទេសជិតខាង ព្រមទាំងពិភពលោកទាំងមូល ដើម្បីប្រមូលយកគំនិតមកដោះស្រាយបញ្ហា និងអភិវឌ្ឍន៍នូវចំណុចខ្វះខាតវិញ។ លោក បានជំរុញឱ្យយុវជនទាំងអស់ ត្រូវខិតខំរៀនសូត្រ ពិសេសបង្កើនការអានឱ្យបានច្រើន ដើម្បីចូលរួមជួយសង្គមជាតិ៕






