អាមេរិកបញ្ជូនកងទ័ពនិងនាវាចម្បាំងបន្ថែមទៅកាន់មជ្ឈិមបូព៌ា ធ្វើសង្រ្គាមនៅអុីរ៉ង់ឆ្លងចូលសប្តាហ៍ទី៣


KCSM2026-03-15 02-25pm



(វ៉ាសុីនតោន)៖ កាលពីថ្ងៃសុក្រ ទី១៣ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិក បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងបញ្ជូន​កងកម្លាំងយោធានិងនាវាចម្បាំងបន្ថែមទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលសង្រ្គាមរបស់ខ្លួនរួមជាមួយអ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់ បន្តឆ្លងចូលដល់សប្តាហ៍ទី៣។ 


ផ្អែកលើប្រភពពីក្រុមមន្រ្តីអាមេរិក កាសែត The Wall Street Journal បានរាយការណ៍ថា នាវាចម្បាំង USS Tripoli ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ព្រមទាំងកងកម្លាំងម៉ារីន ដែលភ្ជាប់ជាមួយនាវានោះ កំពុងត្រូវបានដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ា។ ចំណែកឯកាសែតអាមេរិកមួយទៀតគឺ The New York Times បានរាយការណ៍ថា ទាហានម៉ារីន២៥០០នាក់នៅក្រៅប្រទេស និងនាវាយោធាសរុប៣គ្រឿង កំពុងឆ្ពោះទៅមជ្ឈិមបូព៌ា។


បើតាម The Wall Street Journal សំណើឱ្យបញ្ជូនកងម៉ារីនបន្ថែមនេះ ត្រូវបានធ្វើឡើងដោយទីបញ្ជាការ CENTCOM ដែលទទួលបន្ទុកលើប្រតិបត្តិការយោធារបស់អាមេរិកនៅមជ្ឈិមបូព៌ា ហើយសំណើនោះត្រូវបានយល់ព្រមដោយរដ្ឋមន្រ្តីការពារជាតិ លោក Pete Hegseth។ បច្ចុប្បន្ន កងម៉ារីនអាមេរិកមួយចំនួន មានវត្តមានរួចស្រេចនៅក្នុងតំបន់ ដែលបាននិងកំពុងគាំទ្រប្រតិបត្តិការប្រឆាំងអ៉ីរ៉ង់។


គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល បានបើកយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាសប្រឆាំងប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយទីក្រុងតេហរ៉ង់បានសងសឹកវិញ ដោយបាញ់ស្រោចមីស៉ីលនិងដ្រូនឥតឈប់ឈរ លើអ៉ីស្រាអែល និងបណ្តាប្រទេសក្បែរខាង ដែលមានមូលដ្ឋានទ័ពអាមេរិក ព្រមទាំងវាយប្រហារកប៉ាល់ដឹកជញ្ជូននៅច្រកសមុទ្រ Hormuz ដែលត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពដឹកជញ្ជូនប្រេងឆៅប្រមាណ ២០ភាគរយរបស់ពិភពលោក៕


ប្រភព:Reuter



Previous Post Next Post