KCSM2026-03-09 03-45pm
(វ៉ាស៊ីនតោន)៖ សារព័ត៌មាន Bloomberg នៅថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើជម្រើស បញ្ជូនកងកម្លាំងពិសេសចូលទៅកាន់ប្រទេសអ៉ីរ៉ង់ ដើម្បីរឹបអូសយកសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់ដល់កម្រិតអាចផលិតគ្រាប់បែកនុយក្លេអ៊ែរ ខណៈក្រុមមន្ត្រីអាមេរិកមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថាស្ដុកអ៊ុយរ៉ាញ៉ូមទាំងនោះប្រហែលជាត្រូវបាននាំយកទៅកាន់កន្លែងផ្សេង។
សហរដ្ឋអាមេរិក និងអ៉ីស្រាអែលធ្លាប់បានបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់អំឡុងសង្រ្គាម១២ថ្ងៃ កាលពីខែមិថុនា ឆ្នាំ២០២៥។ តែភាពមិនច្បាស់លាស់ជុំវិញ សារធាតុអ៊ុយរ៉ាញូមដែលត្រូវបានចម្រាញ់ក្នុងកម្រិតខ្ពស់ បាននិងកំពុងកើនឡើង ក៏ព្រោះតែវាមានរយៈពេលជិត៩ខែ ចាប់តាំងពីក្រុមអ្នកអធិការកិច្ចនុយក្លេអ៊ែររបស់ UN ចុះទៅត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើកចុងក្រោយបំផុតលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់។
ជាសាធារណៈ ក្រុមមន្ត្រីអាមេរិកបានបង្ហាញទំនុកចិត្តថាពួកគេបានដឹងពីកន្លែងស្ដុកទុកអ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់។ តែជាលក្ខណៈឯកជន ពួកគេបាននិយាយថាមិនសូវច្បាស់លាស់ ទៅវិញ។ ប៉ុន្មានសប្ដាហ៍មុន មុនការវាយប្រហារលើចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រុមអ្នកសង្កេតការណ៍មកពី ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិមានមូលដ្ឋានក្នុងទីក្រុងវីយែន បានសង្កេតឃើញពីការកើនឡើងការធ្វើសកម្មភាពយ៉ាងជាប់លាប់នៅខាងក្រៅ ផ្លូវរូងក្រោមដីដែលត្រូវបាន កសាងឡើងចូលទៅកាន់រូងភ្នំមួយក្បែររោងចក្រនុយក្លេអ៊ែរ Isfahan។
សកម្មភាពទាំងអស់នោះបានបង្កើនលទ្ធភាពដែលអ៊ុយរ៉ាញ៉ូមទម្ងន់ ៤៤១គីឡូក្រាមត្រូវបានចម្រាញ់រួចក្នុងកម្រិតខ្ពស់ដែលស្ដុកទុកនៅទីនោះអាចត្រូវបានរើចេញ។ ការស្ដុកអ៊ុយរ៉ាញ៉ូមកម្រិតនេះត្រូវបានក្រុមមន្ត្រីអាមេរិកអះអាងថាគ្រប់គ្រាន់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងហោច ១១គ្រាប់ ប្រសិនបើត្រូវបានចម្រាញ់បន្ថែមទៀត។ អ៉ីរ៉ង់ក៏ត្រូវបានរាយការណ៍ដែរថាបានកាន់កាប់អ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់រួចក្នុងកម្រិតទាបទម្ងន់ ៨០០០គីឡូក្រាម។
គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី៧ ខែមីនា បាននិយាយថារូបលោកមិនច្រានចោលឡើយនូវលទ្ធភាពបញ្ជូនកងទ័ពថ្មើរជើងចូលអ៉ីរ៉ង់។ ដោយឡែក មន្ត្រីជាន់ខ្ពស់អាមេរិកកាលពីថ្ងៃទី៣ ខែមីនាវិញបានឱ្យដឹងថាសហរដ្ឋអាមេរិកមានជម្រើស២ ដើម្បីធ្វើឱ្យសាធារអ៊ុយរ៉ាញ៉ូមចម្រាញ់រួចរបស់អ៉ីរ៉ង់ក្លាយទៅជា ប្រើប្រាស់មិនបាន។ ជម្រើសទី១ ប្រសិនបើសហរដ្ឋអាមេរិកអាចគ្រប់គ្រងទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ នោះអ្នកជំនាញអាមេរិកនឹងត្រូវបានបញ្ជូនដើម្បីបន្សាបអ៊ុយរ៉ាញ៉ូមនៅនឹងកន្លែង ហើយជម្រើសទី២ គឺអ៊ុយរ៉ាញ៉ូមអាចនឹងត្រូវបានយកចេញពីអ៉ីរ៉ង់ទៅកាន់កន្លែងផ្សេងណាមួយ៕


