រដ្ឋមន្ត្រី ហួត ហាក់៖ ភ្នំជីសូរ្យ ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដែលបន្តទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ


KCSM 2026-03-09 04-42pm


(ភ្នំពេញ)៖ ក្នុងឱកាសនៃព្រឹត្តិការណ៍ជិះកង់ «ភ្នំពេញ–តាកែវ» ចម្ងាយ ៧៨ គីឡូម៉ែត្រ ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងភរិយា រួមជាមួយលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានភ្នំជីសូរ្យ ដែលជាតំបន់សក្តានុពលទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញឆ្លុះបញ្ជាំងនូវប្រាសាទបុរាណដែលមានកេរ្តិ៍តំណែលវប្បធម៌ អរិយធម៌បេតិកភ័ណ្ឌដ៏ល្អនៅខេត្តតាកែវ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។


សូមជម្រាបថា រមណីយដ្ឋានភ្នំជីសូរ្យ មានរូបសម្រស់អមដោយទេសភាពបៃតងដ៏ស្រស់ត្រកាល និងខ្យល់អាកាសបរិសុទ្ធ ដែលមានទីតាំងសិ្ថតនៅក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ប្រាសាទភ្នំជីសូរ្យនេះទៀតសោត បានស្ថាបនាលើខ្នងភ្នំមួយមានកម្ពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំតូចជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈមួយដ៏សំខាន់ ហើយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាករមួយធ្វើអំពីឈើ៕












Previous Post Next Post