KCSM2026-03-12 08-37pm
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ចេន ចុង (Chen Cong) តំណាងស្ថានទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអជាអធិបតីភាពបើកសម្ពោធការអនុវត្តគម្រោងមេគង្គ-ឡានឆាង នៃក្រសួងព័ត៌មាន យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ បន្ទាប់ពីការអនុវត្តគម្រោងស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន» (ដំណាក់កាលទី២)។
ពិធីនេះបានធ្វើឡើងនៅសាលមណ្ឌលបណ្ដុះបណ្តាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិក លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជានាយកគម្រោង, សមាគមអ្នកសារព័ត៌មាន ព្រមទាំងតំណាងអង្គភាពសារព័ត៌មាន ជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ អំពីកិត្តិនាមនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang Cooperation Branding) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសជាមួយក្រសួងព័ត៌មាន តាមរយៈការសម្របសម្រួលពីស្ថានទូតចិន ប្រចាំកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ត្រង់ចំណុចនេះ ត្រូវបានរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា គម្រោង «យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ» ដំណាក់កាលទី២នេះ មានលក្ខណៈខុសប្លែកពី យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលក្រសួងព័ត៌មាន បានចាប់ផ្តើមអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០២៥មក។ នៅដំណាក់កាលទី២នេះ ក្រសួងធ្វើជាលក្ខណៈតំបន់ដោយមានការអញ្ចើញចូលរួមពីប្រទេសឡាវ វៀតណាម និងភូមា រួមជាមួយនឹងប្រទេសចិន ដែលជាប្រទេសម្ចាស់ជំនួយក្នុងការអនុវត្តគម្រោងនេះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា យុទ្ធនាការនេះបន្ស៉ីទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៥-២០២៦ របស់ក្រសួងព័ត៌មាន ដែលផ្ដល់អាទិភាពចម្បងលើការរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ តាមរយៈការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន លំហព័ត៌មាន និងសន្តិសុខព័ត៌មាន និងការពង្រឹងការទូតព័ត៌មាន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកល សំដៅផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក។ ការរៀបចំយុទ្ធនាការនេះសមស្របទៅនឹងបម្រែបម្រួលចរន្តនយោបាយសកល ដែលប្រព័ន្ធផ្សព្វផ្សាយកំពុងដើរតួនាទីសំខាន់ជាងពេលណាៗទាំងអស់ ក្នុងការផ្តល់ព័ត៌មានពិតជូនដល់សាធារណជន និងគួរត្រូវបានប្រើប្រាស់ជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃបណ្តាប្រទេសក្នុងតំបន់ និងសកល សំដៅកសាងនូវសន្តិភាព និងវិបុលភាពរួមគ្នា។
បើតាមលោក ចេន ចុង បានឱ្យដឹងថា គម្រោងនេះបើកសម្ពោធឡើងចំក្នុងឱកាសគម្រប់ខួប ១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ មូលនិធិពិសេសមេគង្គឡានឆាង (LMC) បានគាំទ្រជាង ១០០គម្រោង នៅក្នុងប្រទេសកម្ពុជា ក្នុងនោះ៥គម្រោង ត្រូវបានអនុវត្តបានជោគជ័យដោយក្រសួងព័ត៌មាន។
ក្នុងនាមស្ថានទូតចិន ប្រចាំកម្ពុជា, លោក ចេន ចុង បានថ្លែងថា នៅក្នុងយុគសម័យអ៉ីនធឺណែតចល័ត និងប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានការអភិវឌ្ឍខ្លាំង ជាពិសេសនៅពេលឈានចូលដល់យុគសម័យប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ ដែលជំរុញដោយបញ្ញាសិប្បនិមិត្ត (AI) ការផលិត និងការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានបំភ្លៃ និងសូម្បីតែខ្លឹមសារក្លែងក្លាយបានក្លាយទៅជារឿងធម្មតាជាងពេលណាទាំងអស់ ហើយថែមទាំងមានគ្រោះថ្នាក់ទៀតផង។
មន្ត្រីស្ថានទូតចិនរូបនេះ បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថែមទាំងបានប្រឌិត និងផ្សព្វផ្សាយរឿងមិនពិតដដែលៗ បំភ្លៃការពិតដោយចេតនា ព្យាយាមបំផ្លាញទំនាក់ទំនងមិត្តភាពប្រពៃណីចិន-កម្ពុជា និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ ការប៉ុនប៉ងទាំងនោះនឹងមិនជោគជ័យទេ ដរាបណាយើងបន្តប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ តាមរយៈគម្រោងដែលដាក់ឱ្យដំណើរការនេះសង្ឃឹមថាកម្ពុជា និងចិននឹងកាន់តែខិតជិតគ្នាដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងព័ត៌មានមិនពិតបដិសេធពាក្យចចាមអារ៉ាមឱ្យបានទាន់ពេលវេលា រក្សាវត្ថុបំណង និងការពិត ការពារបរិយាកាសព័ត៌មានល្អ សម្រាប់មិត្តភាពទ្វេភាគី និងកិច្ចសហប្រតិបត្តិការជាក់ស្ដែង។
សម្រាប់លោក ប្រាក់ ថាវអមិថា បានថ្លែងថា សម្រាប់គម្រោងនេះក្រសួងព័ត៌មានទើបនឹងទទួលបាននៅចុងឆ្នាំ២០២៥ និងរៀបចំពិធីសម្ភោធការអនុវត្តគម្រោង (Inception Ceremony) ដែលមានរយៈអនុវត្ត១ឆ្នាំ ដោយចាប់ផ្តើមពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៦។ ប៉ុន្តែ ដោយសារតែស្ថានភាពពេលវេលា គម្រោងនេះត្រូវបានពន្យារពេលបើកសម្ពោធមកដល់ខែមីនា ឆ្នាំ២០២៦នេះវិញ។ ជាមួយការពន្យាពេលនេះអង្គភាពអនុវត្តគម្រោងបានចាប់ផ្តើមបំពេញការងាររបស់ខ្លួនតាមផែនការសកម្មភាពចាប់តាំងពីខែមករា មកម្ល៉េះ។
នាយកគម្រោងរូបនេះ បានគូសបញ្ជាក់ថា គម្រោងយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយនេះត្រូវបានអនុវត្តក្នុងគោលបំណង ទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយនៅក្នុងកម្ពុជា និងក្នុងតំបន់ ដើម្បីធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ព័ត៌មាន និងការទទួលបានព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាពលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិតដែលអាចជឿទុកចិត្តបាន និងមានប្រភពច្បាស់លាស់ក្នុងចំណោមអ្នកសារព័ត៌មាន ប្រតិបត្តិករព័ត៌មាន ក្រុមមានឥទ្ធិពល និងអ្នកបង្កើតមាតិកាទាំងឡាយ ទាំងនៅកម្ពុជា និងបណ្តាប្រទេសជាសមាជិកមេគង្គ-ឡានឆាង និងជំរុញអក្ខរកម្មសារព័ត៌មាន ក្នុងចំណោមប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់។
លោក ប្រាក់ ថាវអមិដា បានឱ្យដឹងថា សកម្មភាពធំៗ៣ ជាលក្ខណៈអន្តរជាតិ នឹងត្រូវរៀបចំឡើងក្នុងការអនុវត្តគម្រោងនេះរួមមាន៖
ទី១៖ យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ ដោយមានអ្នកចូលរួមប្រហែល ៣០០នាក់ ដែលជាអ្នករៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា យុវជន និងអ្នកពាក់ព័ន្ធផ្សេងៗទៀតមកពី ៥ប្រទេសរួមមាន៖ កម្ពុជា ឡាវ ភូមា វៀតណាម និងចិន។ នៅក្នុងយុទ្ធនាការនេះនឹងមានការបង្ហាញនូវខ្លឹមសារ សារសំខាន់ៗដែលអប់រំអំពីគ្រោះថ្នាក់ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងវិធានការគន្លឹះក្នុង
ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះនឹងធ្វើនៅខែឧសភា ឆ្នាំ២០២៦។
ទី២៖ វេទិកាសារព័ត៌មានដែលមានអ្នកពាក់ព័ន្ធមកពី ៥ប្រទេស ដូចបានជម្រាបជូនខាងលើ។ វេទិកានេះនឹងមានការពិភាក្សាតាមផ្នែក ដើម្បីដាក់ចេញនូវវិធានការគន្លឹះក្នុងការបង្ការ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងក្នុងតំបន់ ទាំងឆ្លងដែន។ វេទិកានេះនឹងធ្វើនៅចន្លោះខែកញ្ញា និងខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
និងទី៣៖ កម្មវិធីប្រកួតប្រជែងម្ចាស់ជ័យលាភី អ្នកផលិតមាតិកាស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយបានល្អដាច់គេ។ គណៈកម្មការមកពី ៥ប្រទេសខាងលើ នឹងជ្រើសរើសម្ចាស់ជ័យលាភី ៥នាក់ ដើម្បីទទួលពានរង្វាន់។










