KCSM2026-03-29 03-29pm
(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ បានគំរាមថានឹងវាយប្រហារលើសាកលវិទ្យាល័យអាមេរិកទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីបានអះអាងថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានបំផ្លាញសាកលវិទ្យាល័យចំនួន២ ក្នុងប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានគំរាមដូច្នេះថា «ប្រសិនបើរដ្ឋាភិបាលអាមេរិកចង់ឱ្យសាកលវិទ្យាល័យរបស់ខ្លួននៅក្នុងតំបន់រួចផុត ពីការសងសឹក...ត្រូវតែធ្វើការថ្កោលទោសចំពោះការទម្លាក់គ្រាប់បែកលើសាកលវិទ្យាល័យអ៉ីរ៉ង់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយឱ្យបានមុនម៉ោង១២រសៀល ថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ»។
សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា «យើងផ្ដល់យោបល់ឱ្យបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតអាមេរិកទាំងអស់ក្នុងតំបន់ និងអ្នករស់នៅជុំវិញបរិវេណសាកលវិទ្យាល័យទាំងនោះស្ថិតនៅឱ្យឆ្ងាយ យ៉ាងហោចចម្ងាយមួយគីឡូម៉ែត្រ»។ មានសាកលវិទ្យាល័យអាមេរិកជាច្រើននៅក្នុងបណ្ដាប្រទេសឈូងសមុទ្រ ក្នុងនោះរួមមានដូចជាសាកលវិទ្យាល័យ Texas A&M University ក្នុងប្រទេសកាតា និង New York University ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។
គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ថាការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលកាលពីយប់ថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមីនា បានធ្លាក់ចំ គោលដៅជាច្រើនក្នុងទីក្រុងតេហេរ៉ង់ ដូចជាសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាស្ថិតនៅភាគឦសាននៃទីក្រុងតេហេរ៉ង់ ព្រមទាំងបង្កការខូចខាតដល់អគារជាច្រើនផ្សេងទៀត តែមិនបណ្ដាលឱ្យមានមនុស្សស្លាប់ និងរងរបួសនោះទេ៕


