អុីរ៉ង់មិនចាញ់សម្លុតត្រាំឡើយ ហើយគំរាមវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលទាំងអស់ក្នុងតំបន់ ក្រោយការគំរាមរបស់លោក ត្រាំ



KCSM 2026-03-22 01-57pm


(តេហេរ៉ង់)៖ យោធាអុីរ៉ង់ នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ បានគំរាមវាយប្រហារជាថ្មីលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងតំបន់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកម្ទេចរោងចក្រថាមពលអ៉ីរ៉ង់ ប្រសិនបើតេហេរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ទាំងស្រុងឡើងវិញក្នុងពេល៤៨ម៉ោងទេនោះ។


ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃសៅរ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ត្រាំ បានគំរាមអ៉ីរ៉ង់ដូច្នេះថា «សហរដ្ឋអាមេរិកនឹងវាយប្រហារ ហើយកម្ទេចរោងចក្រថាមពលអ៉ីរ៉ង់ ប្រសិនបើតេហេរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ទាំងស្រុង ឡើងវិញក្នុងពេល៤៨ម៉ោងទេនោះ»។ ការគំរាមរបស់លោក ត្រាំ ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោកផ្ទាល់បាននិយាយថាកំពុងពិចារណាបន្ធូរបន្ថយប្រតិបត្តិការយោធា។


ជាការឆ្លើយតប យោធាអ៉ីរ៉ង់បាននិយាយថាខ្លួនធ្លាប់បានព្រមានរួចហើយថាប្រសិនបើហេរដ្ឋារចនាសម្ព័ន្ធប្រេង និងថាមពលរបស់អ៉ីរ៉ង់ត្រូវបានវាយប្រហារ នោះហេដ្ឋារចនាសម្ព័ន្ធថាមពលទាំងអស់ ព័ត៌មានវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធបន្សុទ្ធ​ទឹក​សមុទ្រ​ឲ្យ​ទៅ​ជា​ទឹក​សាបដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក និងរបបដឹកនាំក្នុងតំបន់នឹងត្រូវក្លាយជាគោលដៅវាយប្រហាររបស់អ៉ីរ៉ង់៕

ប្រភព:AFP




أحدث أقدم