KCSM2026-03-12 01-35pm
(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុល សរុបចំនួន ៦៧៨.៣០លានដុល្លារអាម៉េរិក កើនឡើង២១% បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះប្រាក់ដើមមានជាង ៥៤០លានដុល្លារ និងការប្រាក់និងកម្រៃផ្សេងៗជាង ១៣០លានដុល្លារ។ នេះយោងតាមព្រឹត្តិបត្របំណុលដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បើតាមក្រសួងសេដ្ឋកិច្ច បំណុលដែលបានទូទាត់រួច សម្រាប់ក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសមានចំនួនប្រមាណ ៦៣២.៥៦ លានដុល្លារអាមេរិក ក្នុងនោះប្រាក់ដើម ៥០០.២៤លានដុល្លារអាម៉េរិក និងការប្រាក់និងកម្រៃផ្សេងៗ ១៣២.៣២ លានដុល្លារអាម៉េរិក និងក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ ៤៥.៧៥ លានដុល្លារអាម៉េរិក ក្នុងនោះប្រាក់ដើម ៤០.៧៥ លានដុល្លារអាម៉េរិក និងការប្រាក់ ៥លានដុល្លារអាម៉េរិក។
ដោយឡែក គិតតែនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានទូទាត់ សេវាបំណុលសរុបចំនួន ១១៥.២៥ លានដុល្លារអាម៉េរិក។
បើតាមរបាយការណ៍ដដែលបានឱ្យដឹងដែរថា នៅក្នុងឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយដៃគូ អភិវឌ្ឍនានា សរុបចំនួន ១ ២២៥.៥៣ លានដុល្លារអាម៉េរិក ឬប្រមាណ ៨៩០.០៦ លានអេសដេអ៊ែ ស្មើនឹងប្រមាណ ៤៥% នៃពិតានដែលច្បាប់អនុញ្ញាត (២០០០ លានអេសដេអ៊ែ) ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី៣៣% និងក្របខ័ណ្ឌពហុភាគី ៦៧%។ បើធៀបនឹងឆ្នាំ២០២៤ ការចុះកិច្ចព្រមព្រៀងឥណទាន សម្បទានថ្មីក្នុងឆ្នាំ២០២៥ នេះ មានការថយចុះប្រមាណ ៣១%។
ទន្ទឹមគ្នានេះ នៅក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់សរុបចំនួន ប្រមាណ ១.០៤ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ ក្របខ័ណ្ឌ ទ្វេភាគីមានប្រមាណ ៤៤% និងក្របខ័ណ្ឌពហុភាគីមានប្រមាណ ៥៦%។ សាច់ប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់ជាក់ស្តែងទៅលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ ៧៩% និងវិស័យអាទិភាពចំពោះមុខ ផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ២១%។
បើធៀបនឹងឆ្នាំ២០២៤ ការដកសាច់ប្រាក់ជាក់ ស្តែងនៅក្នុងឆ្នាំ២០២៥ នេះ មានការថយចុះប្រមាណ ៣៣%។
សូមជម្រាបថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១៣.០៥ប៊ីលាន ដុល្លារអាមេរិក ក្នុងនោះ ៩៨% ត្រូវនឹងប្រមាណ ១២.៨១ ប៊ីលាន ដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ ៦០% និងក្របខ័ណ្ឌពហុភាគីប្រមាណ ៤០%) និងបំណុលសាធារណៈក្នុងប្រទេស ២% ត្រូវនឹងប្រមាណ ២៤៦,៨៣ លានដុល្លារអាម៉េរិក។ សមាសភាគបំណុលសាធារណៈ ទាំងនេះ រួមមាន៖ ៤៧% ជាដុល្លារអាម៉េរិក, ១៧% ជាអេសដេអ៊ែ, ១០% ជាយេនជប៉ុន, ១០% ជាយ័នចិន, ៩% ជាអឺរ៉ូ, និង ៧% ទៀត ជារូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ។
ប្រភព:fresh news

