អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បង្ក្រាប ​និង​ឃា-ត់ខ្លួនក្មេងទំនើង ៧នាក់ ករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាងភាពអនាធិបតេយ្យ​


KCSM2026-03-11 02-56pm







(កំពង់ស្ពឺ)៖ ដោយ​អនុវត្ត​តាម​គោលការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ​​​ សុខា​​ ​អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរ​ភូមិន្ទ​​ និងជា​មេបញ្ជាការ​​​ កង​រាជ​អាវុធហត្ថ​ខេត្ត​លើ​ផ្ទៃ​ប្រទេស​​​​ ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ​ ក្រោម​ការដឹកនាំ​បញ្ជា​ដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់‌‎ស្ពឺ​​​ ក្មេងទំនើងដែលតែងតែបង្ហោះម៉ូតូ​ និងផុសបង្ហោះបង្អួតតាមបណ្តាញសង្គម រួមទាំងក្នេងទំនើង​ ដែល​ពាក់ព័ន្ធ​ជាមួយនឹងបទល្មើសផ្សេងៗត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្ក្រាប និងឃាត់ខ្លួន​បានជាបន្តបន្ទាប់ជាច្រើនាក់ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺនាពេលកន្លងមកនេះផងដែរ។


ជាក់ស្តែងថ្មីៗនេះ កាលពីវេលាម៉ោង១៨:២០នាទី នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ការិយាល័យព្រហ្មទណ្ឌបានទទួលជនសង្ស័យជាក្មេងទំនើង និងវត្ថុតាងពីកម្លាំងអង្គភាពនគរបាលយុត្តិធម៌ ពាក់ព័ន្ធករណីក្មេងទំនើងបង្ហោះម៉ូតូ ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៧:៥០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិគោករងៀង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។


ក្មេងទំនើងទាំងនេះរួមមានឈ្មោះ យឿន ធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ គីម ពិសិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ និងបន្ទាប់មកទៀតនៅវេលាម៉ោង១៨:៥០នាទី នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ បានធ្វើការឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូបាន០១នាក់ទៀត ដោយក្មេងទំនើងនេះបានធ្វើសកម្មភាពបង្ហោះម៉ូតូកាលពីវេលាម៉ោង០៦:៥០នាទី នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិទួលគោគ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។មានឈ្មោះ សួន សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ។


លុះដល់នៅវេលាម៉ោង០៣:៣០នាទី នាថ្ងៃទី០៧​ ខែមីនា​ ឆ្នាំ២០២៦ដដែល កម្លាំងអង្គភាពនគរបាលយុត្តិធម៌បានបន្តឃាត់ខ្លួនក្មេងទំនេីងចំនួន០២នាក់​បន្ថែមទៀត ដោយក្មេងទំនើង២នាក់នេះ បានធ្វើសកម្មភាពបង្ហោះម៉ូតូ​ នៅចំណុច​ភូមិផ្សាចាស់ សង្កាត់ស្វាយក្រវ៉ាន់​ ក្រុងច្បារមន​ ខេត្ដកំពង់ស្ពឺ។ មានឈ្មោះ វិន សុភណ្ឌ ភេទប្រុស អាយុ​១៧ឆ្នាំ រស់នៅ​ក្នុងភូមិដីឆ្នាំង ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ និងឈ្មោះ មឿន ចាន់ថន ភេទប្រុស អាយុ១៧ រស់នៅភូមិដីឆ្នាំង ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ​ ដូចគ្នា។


ក្រោមវិធានជំនាញរបស់​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ នៅវេលាម៉ោង១២:៣០០នាទី នាថ្ងៃទី០៨​ ខែកុម្ភៈ​ ឆ្នាំ២០២៦ កម្លាំងអង្គភាពនគរបាលយុត្តិធម៌បានបន្តឃាត់ខ្លួនក្មេងទំនេីងបាន ០២នាក់​ ស្ថិតនៅចំណុច​ស្ពានពពែភ្នំ​។ មានឈ្មោះ​ ឆៃ​ រ៉ាហ្វាត ភេទប្រុស​ អាយុ១៦ឆ្នាំ​ មានទីលំនៅ​ក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ​ និងក្មេងទំនើងម្នាក់ទៀតឈ្មោះ​ ទូច​ លីមហេង​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ មានទីលំនៅ​ក្នុងភូមិត្រពាំងលេីក សង្កាត់រការធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។


ជា​លទ្ធផល​ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើង​នេះដែរ អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ ដកហូតវត្ថុតាងបានរួមមាន៖ ​ម៉ូតូចំនួន០៣គ្រឿង (ម៉ាក់Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Z-9153 ស៊េរីឆ្នាំ២០២៥ មួយ​គ្រឿង​,ម៉ាក់​Nex Cross ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 1MG-4756 ស៊េរីឆ្នាំ២០២៦​ មួយ​គ្រឿង​ ,Honda dream ឆ្នាំ២០២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កំពង់ស្ពឺ 1Z-8099​ មួយគ្រឿង​​ និងHONDA DREAM ពណ៌ខ្មៅ ពាក់ស្លាក់​ ភ្នំពេញ 1LW-5224​ ស៊េរីឆ្នាំ២០២៦ ​មួយគ្រឿងទៀត), ទូរស័ព្ទចំនួន ០៤គ្រឿង និងនាឡិការចំនួន ០១គ្រឿងថែមទៀត។


បច្ចុប្បន្នក្មេងទំនើងដែលបង្ហោះម៉ូទូទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំនិងធ្វើកិច្ចសន្យាចំពោះមុខ ម្តាយ​ ឪពុក​​​និង​អាណាព្យាបាល​ ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះដែលនាំឱ្យប៉ះពាល់​ ជាហេតុដែលបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូត្រូវដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។


គួរ​រំលឹក​ផង​ដែរ​ថា​​ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឱ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងនេះតែម្តង ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេល ៣ខែ ចំពោះការប្រព្រឹត្តលើកទី១ និង៦ខែ ប្រសិនបើមិនរាងចាលនៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕

Previous Post Next Post