KCSM2026-03-11 02-56pm
(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមគោលការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្មេងទំនើងដែលតែងតែបង្ហោះម៉ូតូ និងផុសបង្ហោះបង្អួតតាមបណ្តាញសង្គម រួមទាំងក្នេងទំនើង ដែលពាក់ព័ន្ធជាមួយនឹងបទល្មើសផ្សេងៗត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ជាច្រើនាក់ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺនាពេលកន្លងមកនេះផងដែរ។
ជាក់ស្តែងថ្មីៗនេះ កាលពីវេលាម៉ោង១៨:២០នាទី នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ការិយាល័យព្រហ្មទណ្ឌបានទទួលជនសង្ស័យជាក្មេងទំនើង និងវត្ថុតាងពីកម្លាំងអង្គភាពនគរបាលយុត្តិធម៌ ពាក់ព័ន្ធករណីក្មេងទំនើងបង្ហោះម៉ូតូ ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៧:៥០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិគោករងៀង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្មេងទំនើងទាំងនេះរួមមានឈ្មោះ យឿន ធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ គីម ពិសិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ និងបន្ទាប់មកទៀតនៅវេលាម៉ោង១៨:៥០នាទី នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ បានធ្វើការឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូបាន០១នាក់ទៀត ដោយក្មេងទំនើងនេះបានធ្វើសកម្មភាពបង្ហោះម៉ូតូកាលពីវេលាម៉ោង០៦:៥០នាទី នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិទួលគោគ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។មានឈ្មោះ សួន សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ។
លុះដល់នៅវេលាម៉ោង០៣:៣០នាទី នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ដដែល កម្លាំងអង្គភាពនគរបាលយុត្តិធម៌បានបន្តឃាត់ខ្លួនក្មេងទំនេីងចំនួន០២នាក់បន្ថែមទៀត ដោយក្មេងទំនើង២នាក់នេះ បានធ្វើសកម្មភាពបង្ហោះម៉ូតូ នៅចំណុចភូមិផ្សាចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។ មានឈ្មោះ វិន សុភណ្ឌ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិដីឆ្នាំង ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ និងឈ្មោះ មឿន ចាន់ថន ភេទប្រុស អាយុ១៧ រស់នៅភូមិដីឆ្នាំង ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ដូចគ្នា។
ក្រោមវិធានជំនាញរបស់រាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១២:៣០០នាទី នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងអង្គភាពនគរបាលយុត្តិធម៌បានបន្តឃាត់ខ្លួនក្មេងទំនេីងបាន ០២នាក់ ស្ថិតនៅចំណុចស្ពានពពែភ្នំ។ មានឈ្មោះ ឆៃ រ៉ាហ្វាត ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ និងក្មេងទំនើងម្នាក់ទៀតឈ្មោះ ទូច លីមហេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងលេីក សង្កាត់រការធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។
ជាលទ្ធផលក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងនេះដែរ អាវុធហត្ថខេត្តកំពង់ស្ពឺ ដកហូតវត្ថុតាងបានរួមមាន៖ ម៉ូតូចំនួន០៣គ្រឿង (ម៉ាក់Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Z-9153 ស៊េរីឆ្នាំ២០២៥ មួយគ្រឿង,ម៉ាក់Nex Cross ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 1MG-4756 ស៊េរីឆ្នាំ២០២៦ មួយគ្រឿង ,Honda dream ឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1Z-8099 មួយគ្រឿង និងHONDA DREAM ពណ៌ខ្មៅ ពាក់ស្លាក់ ភ្នំពេញ 1LW-5224 ស៊េរីឆ្នាំ២០២៦ មួយគ្រឿងទៀត), ទូរស័ព្ទចំនួន ០៤គ្រឿង និងនាឡិការចំនួន ០១គ្រឿងថែមទៀត។
បច្ចុប្បន្នក្មេងទំនើងដែលបង្ហោះម៉ូទូទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំនិងធ្វើកិច្ចសន្យាចំពោះមុខ ម្តាយ ឪពុកនិងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះដែលនាំឱ្យប៉ះពាល់ ជាហេតុដែលបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូត្រូវដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
គួររំលឹកផងដែរថា តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឱ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងនេះតែម្តង ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេល ៣ខែ ចំពោះការប្រព្រឹត្តលើកទី១ និង៦ខែ ប្រសិនបើមិនរាងចាលនៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕




