អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិន ជុំវិញការទិញប្រេងអុីរ៉ង់ និងបង្កកប្រាក់គ្រីបតូជាង៣០០លានដុល្លារ ដែលពាក់ព័ន្ធជាមួយអ៉ីរ៉ង់



KCSM2026-04-25 08-09pm


(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២៤ ខែមេសា រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ខ្លួនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចម្រាញ់ប្រេងមួយ​របស់ប្រទេសចិន ជុំវិញការទិញប្រេងគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារពីអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។


ក្រសួងហិរញ្ញវត្ថុអាមេរិក បានកំណត់គោលដៅលើក្រុមហ៊ុនចម្រាញ់ប្រេង Hengli Petrochemical របស់ចិន ដែលខ្លួនអះអាងថា គឺជាអតិថិជនដ៏ធំបំផុតមួយ​នៃប្រេងឆៅនិងផលិតផលប្រេងរបស់អ៉ីរ៉ង់។ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៉ីនតោន បានចេញមុខជំទាស់ការដាក់ទណ្ឌកម្មនេះ ដោយចាត់ទុកថាជាទង្វើខុសច្បាប់ ហើយទទូចឱ្យអាមេរិកឈប់យកបញ្ហាពាណិជ្ជកម្មមកលាយឡំជាមួយនយោបាយ ហើយប្រើប្រាស់វាជាអាវុធនិងឧបករណ៍ ដើម្បីដាក់ទណ្ឌកម្មសព្វគ្រប់បែបយ៉ាងប្រឆាំងមកលើ​ក្រុមហ៊ុនចិន។ កាលពីឆ្នាំមុន រដ្ឋបាលលោក ត្រាំ ក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចម្រាញ់ប្រេងមួយចំនួនទៀតរបស់ចិនផងដែរ ដូចជា Hebei Xinhai Chemical Group, Shandong Shouguang Luqing Petrochemical និង Shandong Shengxing Chemical។


គួរបញ្ជាក់ថា ទន្ទឹមគ្នានេះ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានឱ្យដឹងថា សហរដ្ឋអាមេរិក បានបង្កកប្រាក់គ្រីបតូ (cryptocurrency) ចំនួន ៣៤៤លានដុល្លារ ដែលមានជាប់ទាក់ទងជាមួយអ៉ីរ៉ង់។ លោក Bessent បាននិយាយថា ក្រសួងហិរញ្ញវត្ថុអាមេរិក នឹងបន្តរឹតត្បិតសមត្ថភាពរបស់ទីក្រុងតេហេរ៉ង់ ក្នុងការបង្កើត ចល័ត និងប្រមូលមូលនិធិ ដើម្បីយកទៅគាំទ្ររបបរបស់ខ្លួន។ ចំណាត់ការនេះ គឺស្របពេលដែលក្រុមបេសកជនអាមេរិក ត្រៀមចេញដំំណើរទៅ​ប៉ាគីស្ថាន ដើម្បីបើកកិច្ចចរចាជុំថ្មីជាមួយអ៉ីរ៉ង់ ស្តីពីការបិទបញ្ចប់សង្រ្គាម៕




Previous Post Next Post