សមត្ថកិច្ចថៃចាប់ខ្លួនជនជាតិឥណ្ឌូណេស៊ី នៅថៃ បន្ទាប់ពីឆបោកជនជាតិអាមេរិក ១០លានដុល្លារ


KCSM2026-04-27 01-57pm


(បាងកក)៖ ប៉ូលិសនៅក្នុងប្រទេសថៃ បានចាប់ខ្លួនបុរសជាជនជាតិឥណ្ឌូណេស៊ីម្នាក់ ដែលត្រូវបានចោទប្រកាន់ថាបានឆបោកប្រាក់ជាង ១០លានដុល្លារពីប្រជាជនអាមេរិក ជាមួយការបន្ថែមថាពួកគេនឹងធ្វើ បត្យាប័នជនសង្ស័យរូបនេះទៅកាន់សហរដ្ឋអាមេរិក។


ប៉ូលិសអន្តោប្រវេសន៍ថៃ លោក Suriya Poungsombat បានប្រាប់ AFP ថាបុរសឥណ្ឌូណេស៊ីខាងលើមានអាយុ ៣៣ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅឯរីសតដ៏ប្រណិតមួយកន្លែង ក្នុងទីក្រុង Phuket បន្ទាប់ពីទទួលបានពីព័ត៌មានពីប៉ូលិសអាមេរិក FBI។ តាមលោក Suriya FBI បានផ្ដល់ព័ត៌មានឱ្យអាជ្ញាធរថៃថាជនសង្ស័យបានធ្វើដំណើរចាកចេញពីទីក្រុងឌូបៃ ហើយបានធ្វើដំណើរ ឆ្ពោះមកកាន់ប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីថ្ងៃពុធសប្ដាហ៍មុន។ លោកបន្ថែមថាបន្ទាប់ពីការចាប់ខ្លួន បុរសឥណ្ឌូណេស៊ីរូបនេះត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នក្នុងមណ្ឌលឃុំខ្លួន ជនអន្តោប្រវេសន៍ក្នុងទីក្រុងបាងកក និងកំពុងរង់ចាំនីតិវិធីធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក។


លោក Suriya បានបញ្ជាក់ទៀតថា អាជ្ញាធរអាមេរិកបានតាមប្រមាញ់ជនសង្ស័យដែលមិនទាន់ត្រូវបានបញ្ជាក់អត្តសញ្ញាណខាងលើដោយសារតែជននេះបានឆបោកប្រាក់១០លានដុល្លារពីពលរដ្ឋអាមេរិក។ ជននេះបានប្រព្រឹត្តអំពើឆបោកតាមអនឡាញ នៅក្រោមរូបភាពការវិនិយោគក្លែងក្លាយ កម្មវិធីណាត់ជួបរកគូរស្នេហ៍ និងបណ្ដាញទំនាក់ទំនងសង្គម ហើយជននេះធ្វើប្រតិបត្តិការឆបោកចេញពីប្រទេស អេមីរ៉ាតអារ៉ាប់រួម៕


ប្រភព:AFP




Previous Post Next Post