KCSM 2026-04-27 08-31pm
(សេអ៊ូល)៖ នាថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្តេជ្ញាថានឹងបន្តព្យាយាមកសាងទំនុកចិត្តឡើងវិញជាមួយកូរ៉េខាងជើង ព្រមទាំងលើកកម្ពស់សុខសន្តិភាពនៅឧបទ្វីបកូរ៉េ ហើយលោកបានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាង ឆ្លើយតបចំពោះការផ្តួចផ្តើមរបស់ទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap។
លោក Lee បានអត្ថាធិប្បាយដូចខាងលើ ក្នុងសារអបអរខួប៨ឆ្នាំ នៃសេចក្តីប្រកាស Panmunjom ដែលជាកិច្ចព្រមព្រៀងសំខាន់មួយ ត្រូវបានចុះហត្ថលេខាកាលពីខែមេសា ឆ្នាំ២០១៨ ដោយអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae In និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅភូមិសន្តិភាព Panmunjom នៃតំបន់ព្រំប្រទល់អន្តរកូរ៉េ។
ក្នុងសារខាងលើ លោក Lee បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងបន្តឥតងាករេនូវគោលនយោបាយនៃការរួមរស់ជាមួយគ្នាដោយសន្តិភាព នៅលើឧបទ្វីបកូរ៉េ។ លោកប្រធានាធិបតី បានបន្ថែមដូច្នេះថា «យើងនឹងបោះជំហានយ៉ាងសកម្ម ដើម្បីស្តារការជឿទុកចិត្តរវាងកូរ៉េទាំងពីរ ឆ្ពោះទៅការកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ។ យើងសង្ឃឹមថា កូរ៉េខាងជើង នឹងជឿជាក់ចំពោះភាពស្មោះត្រង់របស់រដ្ឋាភិបាលយើង ហើយឆ្លើយតបមកវិញ»។
គួរបញ្ជាក់ថា តាមការកត់សម្គាល់របស់លោក Lee រដ្ឋាភិបាលរបស់លោក បានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីស្តារទំនុកចិត្តអន្តរកូរ៉េ ចាប់តាំងពីឡើងកាន់អំណាច កាលពីខែមិថុនា ឆ្នាំ២០២៥មក ហើយប្តេជ្ញាក្នុងការធានានូវសន្តិភាព តាមរយៈកិច្ចផ្តួចផ្តើមចម្រុះផ្សេងៗ។ បើតាមបច្ចេកទេស ប្រទេសកូរ៉េទាំងពីរនេះ គឺបន្តស្ថិតក្នុងស្ថានភាពមានសង្រ្គាមជាមួយគ្នា ដ្បិតសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បានបិទបញ្ចប់ទៅត្រឹមជាមួយបទឈប់បាញ់ប៉ុណ្ណោះ ដោយមិនមានសន្ធិសញ្ញាសន្តិភាពផ្លូវការទេ៕



