KCSM2026-04-24 11-28pm
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា មានមានគោលដៅបំផ្លាញបណ្តាញឧក្រិដ្ឋកម្មការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដកហូតសមត្ថភាពប្រតិបត្តិការ កាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ និងបិទច្រកប្រតិបត្តិការទាំងអស់ ដើម្បីបញ្ឈប់បញ្ហានេះ ឱ្យបានជាក់ស្តែង និងយូរអង្វែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាអាទិភាពខ្ពស់មួយពាក់ព័ន្ធដោយផ្ទាល់នឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។ ចាប់តាំងពីអាណត្តិទី៦ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដល់នីតិកាលទី៧ ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈដ៏រឹងមាំនិងធ្វើការប្តេជ្ញាចិត្តខ្ពស់បំផុត ព្រមទាំងបានធ្វើសកម្មភាពជាក់ស្តែង ក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដោយគ្មានការអត់ឱន និងប្រកបដោយភាពម៉ឺងមាត់បំផុត។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា «សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រី ក្រោមឱវាទ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ឱ្យបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ ឫសគល់ដោយមិនមានការបង្អែបង្អង់ មិនអត់ឱន និងមិនលើកលែងឡើយ។ គោលដៅយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល មិនត្រឹមតែបង្ក្រាបតាមករណីនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញបណ្តាញឧក្រិដ្ឋកម្មទាំងមូល ដកហូតសមត្ថភាពប្រតិបត្តិការ កាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ និងបិទច្រកប្រតិបត្តិការទាំងអស់ ដើម្បីបញ្ឈប់បញ្ហានេះ ឱ្យបានជាក់ស្តែង និងយូរអង្វែង។ នេះបង្ហាញថា កម្ពុជាមិនមែនជាគោលដៅឧក្រិដ្ឋកម្មទេ ប៉ុន្តែជាប្រទេសដែល កំពុងដឹកនាំការប្រយុទ្ធប្រឆាំងយ៉ាងតឹងរឹង និងសកម្មបំផុតមួយក្នុងតំបន់»។
សូមជម្រាបថា កម្ពុជាបានដាក់ចេញ «ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលបានចូលជាធរមានកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីបង្ក្រាបបទល្មើសឆបោកដែលមានបច្ចេកវិទ្យាខ្ពស់ និងស្មុគស្មាញនេះ។ ច្បាប់ថ្មីនេះបានបង្កើតបទល្មើសព្រហ្មទណ្ឌចំនួន៥ ជាមួយទោសទណ្ឌធ្ងន់ធ្ងរ រហូតដល់ជាប់ពន្ធនាគារមួយជីវិត និងពិន័យជាប្រាក់ដល់ទៅ ១.០០០ លានរៀល ព្រមទាំងការរឹបអូសទ្រព្យសម្បត្តិផងដែរ។
អត្ថបទ: fresh news




