កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបអគារទីតាំង Online Scams ២កន្លែង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់មនុស្សជាង ៣០០នាក់, សមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីទប់ការរត់ចេញរបស់ឧក្រិដ្ឋជន


KCSM2026-04-22 05-54pm


(បន្ទាយមានជ័យ)៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបអគារទីតាំងប្រព្រឹត្តបទល្មើស Online Scams ២កន្លែង នៅនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចាប់ខ្លួនមនុស្សជាង៣០០នាក់ (ភាគច្រើនជនបរទេស)។


ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។


សម្រាប់ប្រតិបត្តិការបង្ក្រាបបទល្មើសមួយនេះ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យចំនួន៤រូប ក្រោមការបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចូលរួមដឹកនាំសម្របសម្រួលនីតិវិធី។


បើតាមសេចក្ដីរាយការណ៍ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានអះអាងថា កម្លាំងសមត្ថកិច្ចបានបង្ខំចិត្តផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីទប់ស្កាត់ការសម្រុករត់ចេញពីទីតាំងរបស់ក្រុមឧក្រិដ្ឋជន។ ក្នុងនោះកម្លាំងជំនាញ បានឃាត់ខ្លួនមនុស្សជាង៣០០នាក់ និងរកហូតបានវត្ថុតាងបម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀតផងដែរ៕







أحدث أقدم