កូរ៉េខាងជើងបង្អួតសាច់ដុំ បាញ់តេស្តមីសុីល palysticជាច្រើនគ្រាប់ ចេញពីឆ្នេរភាគខាងកើត


KCSM2026-04-20 09-14m


(សេអ៊ូល)៖ ជប៉ុននិងកូរ៉េខាងត្បូង នាថ្ងៃអាទិត្យនេះបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៉ីលបាលិស្ទីគជាច្រើនគ្រាប់ ឆ្ពោះទៅកាន់សមុទ្រចេញពីឆ្នេរភាគខាងកើតប្រទេសរបស់ខ្លួន ដែលជាការបាញ់តេស្តថ្មីចុងក្រោយ ខណៈទីក្រុងព្យុងយ៉ាងបន្តពន្លឿនកិច្ចប្រឹងប្រែង ពង្រឹងសមត្ថភាពយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦។


យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា ការបាញ់មីស៉ីលខាងលើត្រូវបានធ្វើឡើង ក្បែរទីក្រុង Sinpo នៅភាគខាងកើតនៃប្រទេសកូរ៉េខាងជើង កាលពីវេលាម៉ោងខ្ទង់ ៦៖១០នាទីព្រឹក។ រី​ឯរដ្ឋាភិបាលជប៉ុន បាននិយាយថា មីស៉ីលបាលិស្ទីគទាំងនោះ ទំនងជាបានធ្លាក់នៅក្បែរឆ្នេរភាគខាងកើតនៃឧបទ្វីបកូរ៉េ ដោយមិនមានការបំពាន​ចូលមកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ របស់ប្រទេសជប៉ុនទេ។


វាគឺជាការបាញ់មីស៉ីលបាលិស្ទីគ​លើកទី៧ហើយរបស់កូរ៉េខាងជើង ក្នុងឆ្នាំ២០២៦ និងជាលើកទី៤ ក្នុងខែមេសានេះ។ ការបាញ់តេស្តអាវុធទាំងនេះ បំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) ប្រឆាំងកម្មវិធីមីស៉ីលរបស់កូរ៉េខាងជើង ប៉ុន្តែទីក្រុងព្យុងយ៉ាង បានច្រានចោលបម្រាមរបស់ UN ដោយនិយាយថា វាបំពានសិទ្ធិអធិបតេយ្យរបស់ខ្លួន ក្នុងការស្វ័យការពារ។


គួរបញ្ជាក់ថា កាលពីខែមីនា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ឋានៈរបស់ទីក្រុងព្យុងយ៉ាង ជាប្រទេសមានអាវុធនុយក្លេអ៊ែរ គឺមិនអាចត្រឡប់ថយក្រោយវិញដាច់ខាត ហើយការពង្រីកសមត្ថភាពកំញើញនុយក្លេអ៊ែរ ដើម្បីការពារខ្លួន គឺមានសារសំខាន់ជាខ្លាំងសម្រាប់សន្តិសុខជាតិ។ ការបាញ់តេស្តមីស៉ីលបាលិស្ទីគម្តងហើយម្តងទៀតក្នុងខែនេះ គឺស្របពេលចិននិងសហរដ្ឋអាមេរិក កំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលនៅ​ពាក់កណ្តាលខែឧសភា ហើយអំឡុងជំនួបនោះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងពិភាក្សាបញ្ហាសំខាន់ផ្សេងៗ រួមមានទាំងបញ្ហាដែលពាក់ព័ន្ធ​កូរ៉េខាងជើង៕



أحدث أقدم