អាងលុយអាងអំណាចមិនខ្លាចច្បាប់ !អាជ្ញាធរព្រមានឲ្យម្ចាស់ភូមិគ្រឹះរុះរើចេញជាបន្ទាន់ ក្រោយសង់សំណង់រំលោភចូលច្រាំងទន្លេនៅខណ្ឌជ្រោយចង្វារ


KCSM2026-05-19 10-31pm


(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ ​បានព្រមាន និងប្រាប់ឲ្យលោក ឈុន លីម ដែលសង់ភូមិគ្រឹះរំលោភចូលច្រាំងទន្លេ នៅខណ្ឌជ្រោយចង្វារ ត្រូវរុះរើសំណង់ចេញជាបន្ទាន់។ នេះបើតាមការបង្ហោះសារលើ Facebook របស់លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។


លោក ឃ្លាំង ហួត បានសរសេរថា «ជម្រាបជូនលោក ឈុន លីម ម្ចាស់សំណង់ភូមិគ្រឹះ ដែលមានទីតាំងស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។


រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតលេខ០៦៧/២៦ ឆត.រ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយឱ្យរដ្ឋបាលខណ្ឌជ្រោយចង្វារ កំណត់ឱសានវាទឱ្យលោកធ្វើការរុះរើសំណង់ ដែលលោកបានសាងសង់រំលោភលើដីច្រាំងទន្លេ និងក្នុងផ្ទៃទន្លេ ចេញវិញ។


លោក ឃ្លាំង ហួត បានបញ្ជាក់ថា ខ្ញុំមិនដឹងថា លោកបានទទួលការណែនាំពីរដ្ឋបាលខណ្ឌជ្រោយចង្វារហើយ ឬនៅនោះទេ? ក៏ប៉ុន្តែបច្ចុប្បន្នក្រុមការងារសំណង់រាជធានីភ្នំពេញ ពិនិត្យឃើញថា លោកមិនត្រឹមតែមិនព្រម រុះរើសំណង់ទេ តែថែមទាំងបានបន្តសកម្មភាពសាងសង់សំណង់នេះ បន្ថែមទៀតផង។


ខ្ញុំសង្ឃឹមថាលោកនឹងគោរព និងអនុវត្តតាមខ្លឹមសារលិខិតខាងលើ ហើយរុះរើសំណង់របស់លោកចេញជាបន្ទាន់ ហើយត្រូវអនុវត្តឱ្យបាននូវច្បាប់ស្តីពីសំណង់ និងច្បាប់ស្ដីពីការគ្រប់គ្រងច្រាំងទន្លេ និងទន្លេជាធរមាន»។ នេះជាសារព្រមានបន្ថែមរបស់លោក ឃ្លាំង ហួត។




أحدث أقدم