KCSM2026-05-02 04-56pm
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការគាំទ្រវិធានការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គិតគូរយកក្មេងទំនើងទៅជួយការងារនៅជួរមុខ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការគិតគូរយកក្មេងទំនើងទៅជួយការងារនៅជួរមុខ ដូចជាការជីកលេណដ្ឋានជាដើម តែមិនមែនទៅប្រយុទ្ធនោះទេ។
ក្នុងជំនួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រចំពោះវិធានការនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ឱ្យដេកស៊ីបាយមិនប្រាកដថាកែទេ ព្រោះពួកគេក្លាហានណាស់។ តែយើងមិនប្រគល់កាំបិត ប្រគល់គ្រាប់ឱ្យគេទេ។ យកទៅព្រំដែន ជួយដឹកស្បៀង ជួយជីកលេណដ្ឋាន...បម្រើឱ្យវិស័យយោធា»។
ក្រៅពីមានប្រសាសន៍គាំទ្រនូវវិធានការរបស់រាជរដ្ឋាភិបាលលើក្មេងទំនើងខាងលើនេះហើយ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ពាក់ព័ន្ធប្រវត្តិសាស្ត្រ ក៏ដូចជារឿងរបស់កម្ពុជាក្នុងអតីតកាលពាក់ព័ន្ធខេត្តកំពង់ស្ពឺ មានដូចជាបញ្ហានយោបាយ ការអភិវឌ្ឍ និងសេដ្ឋកិច្ចជាដើម។
ក្រៅពីលើកបញ្ហាពាក់ព័ន្ធខេត្តកំពង់ស្ពឺហើយនោះ សម្តេចតេជោ ក៏បានលើកបញ្ហាពាក់ព័ន្ធសភាពការណ៍របស់ពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។
មិនខុសពីខេត្តកំពង់ចាម និងត្បូងឃ្មុំនោះទេ នៅចំពោះមុខថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តកំពង់ស្ពឺនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យចិត្តទុកដាក់លើបញ្ហាមួយចំនួន។
បញ្ហាដែលសម្តេចតេជោប្រមុខរដ្ឋស្តីទី បានណែនាំឱ្យយកចិត្តទុកដាក់នោះ មានដូចជាការយកចិត្តទុកដាក់អនុវត្តន៍នយោបាយភូមិឃុំមានសុវត្ថិភាព, យកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរ, ចូលរួមគាំទ្រការកៀរគរពន្ធដារ និងពន្ធគយ, យកចិត្តទុកដាក់ទប់ស្កាត់បទល្មើសធនធានធម្មជាតិ, យកចិត្តទុកដាក់ដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋតាមរយៈយន្តការក្រៅប្រព័ន្ធតុលាការ និងការវាស់វែងចេញបណ្ណកម្មសិទ្ធដីធ្លី និងយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន។










