អនុប្រធានសភាពាណិជ្ជកម្ម អំពាវនាវឲ្យគាំទ្រផលិតផលជាតិ, បើនៅតែស្រមៃថា វាត្រូវតែឆ្ងាញ់ ត្រូវតែល្អ ត្រូវតែបែបអន្តរជាតិ ផលិតផលក្នុងស្រុកដឹងតែទៅមិនរួច ។



KCSM2026-05-02 05-01pm


(ភ្នំពេញ)៖ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវប្រជាពលខ្មែរគាំទ្រផលិតផលជាតិ។ លោកបានថ្លែងថា បើសិនជាពលរដ្ឋខ្មែរ នៅតែស្រមៃថា ទំនិញ ឬផលិតផលនោះត្រូវតែឆ្ងាញ់ ត្រូវតែល្អ និងត្រូវតែបែបអន្តរជាតិ ធ្វើឲ្យផលិតផលក្នុងស្រុក ដឹងតែទៅមិនរួច និងប្រកួតមិនឈ្នះផលិតផលបរទេសនោះទេ។


បណ្ឌិត តាន់ មុនីវណ្ណ បានអំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធហាងកាហ្វេ និងអាហារ ហ្គាឌ័រហ្គ្រោនស៍ ទួលគោក ដែលជាសាខាទី៥ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦។


អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «សូមបងប្អូនគាំទ្រ អភិរក្សផលិតផលជាតិរបស់យើង បានទៅរួច។ បើយើងនៅតែស្រមៃថា វាត្រូវតែឆ្ងាញ់ ត្រូវតែល្អ ត្រូវតែបែបអន្តរជាតិ ខ្ញុំជឿថា របស់ក្នុងស្រុកទៅអត់រួចទេ។ រឿងខ្លះវានៅលើទម្លាប់ទេតើ។ យើងត្រូវកែទម្លាប់ ហើយគាំទ្រផលិតផលក្នុងស្រុកវិញ។ បើសិនជាយើងអត់គាំទ្រទេ ដោយសារការស្រមើស្រមៃយើង វាចេះតែទៅមុខផុតអ្វីដែលខ្មែរយើងធ្វើកើត»។


បណ្ឌិត តាន់ មុនីវណ្ណ បានបន្តថា «អីចឹង ខ្ញុំអំពាវនាវឲ្យគាំទ្រផលិតផលក្នុងស្រុក ពិសេសឲ្យតែសំឡឹងឃើញរបរណា ថៅកែណា ដែលមានម្ចាស់ក្នុងស្រុក យើងគាំទ្រទៅបានយើងទៅរួច។ បើយើងចេះតែចង់បានអីថ្មី ចង់បានអីទំនើប យើងដើរមិនទាន់គេទេ យើងទៅអត់រួចទេ»។


លោកបានលើកឧទាហរណ៍ថា ប្រទេសមួយក្បែរយើង មានហាងកាហ្វេមួយល្បីខ្លាំងណាស់ ហើយម៉ាកយីហោផ្សេងចូលអត់រួចទេ ដោយសារតែប្រជាជនគេគាំទ្រខ្លាំង និងមានតម្លៃសមរម្យ។ ជាមួយគ្នានេះ​ ជនជាតិជប៉ុន ចិន និងកូរ៉េ កម្រចូលហាងណា ដែលគ្មានម្ចាស់ជាជនជាតិគេណាស់៕






Previous Post Next Post