KCSM2026-05-02 05-14pm
(ភ្នំពេញ)៖ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានលើកឡើងពីទិដ្ឋភាពចំនួន ៤ចំណុច ដើម្បីឱ្យអ្នកសារព័ត៌មានធ្វើការថ្លឹងថ្លែងឱ្យតុល្យភាពរក្សាតម្លៃ ផ្លូវច្បាប់ វិជ្ជាជីវៈ ក្រមសីលធម៌ និដុំបាយ។
ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទិកាសារព័ត៌មានលើប្រធានបទ « អេអាយ (AI) ក្រមសីលធម៌ និងវជ្ជាជីវៈ៖ តើយើងគួរដើរទៅមុខដោយរបៀបណា?» នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច មហាវិថីអូស៊ីអាយស៊ី (OCIC) ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា, លោក ផុស សុវណ្ណ បានបញ្ជាក់ថា សេរីភាពអ្នសារព័ត៌មាន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺបានគាំទ្រពេញទំហឹង។
លោក ផុស សុវណ្ណ បានគូសបញ្ជាក់ថា៖ «អ្នកណាក៏ហូបបាយរាល់ថ្ងៃដែរ ក៏ប៉ុន្តែ ការហូបបាយនោះ គឺបាយ សុចរិត បានដោយកម្លាំង បានដោយស្របតាមវិជ្ជាជីវៈ របស់យើង»។
អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានគូសបញ្ជាក់ថា ដូច្នេះ សូមអ្នកសារព័ត៌មានទាំងអស់ ត្រូវពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ ខណៈដែលក្រសួងព័ត៌មាន ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធបានខិតខំបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន។ ការពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈ របស់អ្នកសារព័ត៌មានឱ្យមានតុល្យភាពនេះ គឺដើម្បីធានានូវសេរីភាព និងវិជ្ជាជីវៈ រហូតធានាដល់ការគោរពច្បាប់ ដែលមិនធ្វើឱ្យអ្នកសារព័ត៌មានមុខនឹងបញ្ហាផ្លូវច្បាប់ ក្នុងបេសកកម្មបំបេញតួនាទីរបស់ខ្លួនជាដើម។
«យើងត្រូវតែសិក្សាស្វែងយល់ឱ្យអស់ ហើយយើងឱ្យមានតុល្យភាពគ្នារវាងកត្តា ៤ហ្នឹង ដុំបាយដែលយើងបានមកដែលសុចរិត ដែលទៀងត្រង់ ហើយយើងបម្រើ និងគោរពមនសិការបស់យើងជាអ្នកវិជ្ជាជីវៈអ្នកសារព័ត៌មាន»។ នេះជាការលើកឡើងបន្ថែមរបស់លោក ផុស សុវណ្ណ។
ទន្ទឹមនឹងនេះដែរ លោក ផុស សុវណ្ណ បានបញ្ជាក់ថា អ្នកសារព័ត៌មាន នៅកម្ពុជា បានចុះបញ្ជីជាមួយក្រសួងព័ត៌មាន រហូតដល់ឆ្នាំ២០២៦នេះ មាន ១ ៥៧៥អង្គភាព និងមានអ្នកសារព័ត៌មាន ជាង១ម៉ឺននាក់ ដូច្នេះ សុំកុំយកបញ្ហា និងទង្វើរបស់អ្នកសារព័ត៌មានដែលបានបំពេញតួនាទីខុសឆ្គងនឹងក្រមសីល
ធម៌ និងវិជ្ជាជីវៈដែលមានចំនួនតិចតួចនេះ មកចោទប្រកាន់ និងវាយប្រហារមកលើអ្នកសារព័ត៌មាន ដែលកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធដើម្បីអភិវឌ្ឍន៍សង្គមជាតិឱ្យសោះ៕
អត្ថបទ:fresh news










