KCSM2026-05-01 06-58pm
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណ កាស៊ីណូ ហ្សងហ័រវី ហ្គោលឌិន សេន អ៊ីនធើនេស៊ិនណល អេនធើធេនម៉ិន បន្ទាប់ពីរកឃើញជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ។
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កាលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ដោយមាន ការសម្របសម្រួលនីតិវិធី ពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅទីតាំងកាស៊ីណូ ហ្សងហ័រវី ហ្គោលឌិន សេន អ៊ីនធើនេស៊ិនណល អេនធើធេនម៉ិន ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅក្នុងប្រតិបត្តិការនេះ កម្លាំងមានសមត្ថកិច្ច បានឃាត់ខ្លួនជនបរទេស ចំនួន១០៤ នាក់ ព្រមទាំងបានដកហូតវត្ថុតាងចំនួនទៀត។
បន្ទាប់ពីបន្តនីតិវិធី និងពិនិត្យលម្អិតលើវត្ថុតាងដែលប្រមូលបាន អាជ្ញាធរមានសមត្ថកិច្ចពិនិត្យ ឃើញថា កាស៊ីណូនេះ ពិតជាមានពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធព័ត៌មានបច្ចេកវិទ្យា ប្រាកដមែន។ ដូចនេះ ស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងយោង តាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ដែលផ្តល់ជូនក្រុមហ៊ុន ហ្សង ហ័រវី (ខេមបូឌា) អេនធើធេនម៉ិន ឯ.ក ដែលមានកាស៊ីណូឈ្មោះ ហ្សុងហ័រវ៉ី ហ្គោលឌិន សេន អ៊ីនធើនេស៊ិនណល អេនធើធេនម៉ិន។
តាមរយៈសេចក្តីប្រកាសព័ត៌មាន លេខ០០៣/២៦ ប្រ.ក.អអរ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦, រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាអាទិភាពខ្ពស់មួយពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និង កិត្តិយសជាតិនៅលើឆាកអន្តរជាតិ។ ក្នុងស្មារតីនេះ គ.ល.ក. នឹងបន្តប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់ បំផុត តាមបទបញ្ជារាជរដ្ឋាភិបាល ដោយបន្តសហការ ជាមួយលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) និង កម្លាំងមានសមត្ថកិច្ច ដើម្បីបន្តចុះប្រតិបត្តិការ ត្រួតពិនិត្យ និងឆែកឆេរ ដោយ មិនមានករណីលើកលែងចំពោះទីតាំងក្រុមហ៊ុនកាស៊ីណូណាមួយ ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹង អំពើខុសច្បាប់ និងជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នោះទេ។




