KCSM2026-05-01 06-54pm
(យូអិន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ ប្រមុខទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា ការចំណាយរបស់មន្ទីរបញ្ចកោណទៅក្នុងសង្រ្គាមរបស់អាមេរិកជាមួយអ៉ីរ៉ង់ គឺស្មើនឹងថវិកាជំនួយដែល UN បានស្នើសុំសម្រាប់ពេញមួយឆ្នាំ២០២៦ ហើយអាចនាំមកនូវជំនួយជួយសង្រ្គោះអាយុជីវិតមនុស្សសរុបជាង៨៧លាននាក់។
ក្រសួងការពារជាតិអាមេរិក ក្នុងសប្តាហ៍នេះ បាននិយាយថា ខ្លួនបានចំណាយប្រហែល២៥ពាន់លានដុល្លារ គិតត្រឹមពេលនេះ ទៅលើជម្លោះនៅមជ្ឈិមបូព៌ា។ ដោយឡែក ការិយាល័យ UN សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ OCHA បានប្រកាសស្វែងរកថវិកាចំនួន ២៣ពាន់លានដុល្លារ ដើម្បីយកទៅផ្តល់ជំនួយក្នុងឆ្នាំនេះ។ នាយក OCHA លោក Tom Fletcher បានកត់សម្គាល់ថា ថវិកាស្នើសុំរបស់ទីភ្នាក់ងារលោក គឺមិនដល់១ភាគរយឡើយ នៃអ្វីដែលពិភពលោកនឹងចំណាយទៅលើសព្វាវុធ និងវិស័យការពារជាតិ ក្នុងរយៈពេល១ឆ្នាំខាងមុខនេះ។
លោក Fletcher បានបន្ថែមទៀតថា សង្រ្គាមមជ្ឈិមបូព៌ា និងការបិទខ្ទប់ច្រកសមុទ្រ Hormuz បានធ្វើឱ្យតម្លៃប្រេងហក់ឡើងទ្វេជាពីរ ហើយជំរុញឱ្យតម្លៃស្បៀងអាហារ កើនឡើងខ្ទង់២០ភាគរយ។ កាលពីថ្ងៃពុធ ប្រធានកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ UNDP ក៏បានព្រមានដែរថា សង្រ្គាមរបស់អាមេរិក-អ៉ីស្រាអែលប្រឆាំងប្រទេសអ៉ីរ៉ង់ ដែលបានបង្កឱ្យតម្លៃថាមពលនិងជីកសិកម្មហក់ឡើងខ្ពស់ជាសកលនោះ អាចរុញច្រានមនុស្សច្រើនជាង៣០លាននាក់ ឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ៕
ប្រភព:AFP


