វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកកំពុងដំឡើងពន្ធលើទំនិញនាំចូលមួយចំនួនរបស់កូរ៉េខាងត្បូង ដោយចោទប្រកាន់សភាប្រទេសនេះ ថាមិនបានបំពេញការសន្យាដែលមាន ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៉ីនតោន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ ២០២៦។
លោក ត្រាំ គូសបញ្ជាក់ថា «ដោយសារតែសភាកូរ៉េខាងត្បូង មិនបានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រ ដែលជាសិទ្ធិរបស់ពួកគេ ដូច្នេះ ខ្ញុំសូមដំឡើងពន្ធលើកូរ៉េខាងត្បូង ដូចជារថយន្ត ឈើកែច្នៃ ឱសថ និងពន្ធបដិការផ្សេងទៀត ដល់អត្រា ២៥ភាគរយ»។
ភ្លាមៗគេមិនទាន់ដឹងទេ ថាតើពន្ធគយនេះនឹងចូលជាធរមាននៅពេលណា។ តាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នាថ្ងៃអង្គារនេះ រដ្ឋមន្ត្រីឧស្សាហកម្ម លោក Kim Jung-kwan នឹងទៅកាន់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗ ហើយជួបរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Howard Lutnick។
គួរបញ្ជាក់ថា នៅមុនការប្រកាសដំឡើងពន្ធរបស់លោក ត្រាំ កូរ៉េខាងត្បូង បាននិងកំពុងធ្វើការដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ ២០២៥ ដែលបានជួយបញ្ចុះអត្រាពន្ធអាមេរិក លើទំនិញនាំចេញច្រើនប្រភេទរបស់ខ្លួន មកត្រឹម ១៥ភាគរយ។ ប៉ុន្តែកាលពីដើមខែមករា រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយថា ផែនការវិនិយោគចំនួន ៣៥០ពាន់លានដុល្លារ ក្នុងវិស័យយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ទំនងជាមិនអាចចាប់ផ្តើមបានឡើយ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ ដោយសារតែបញ្ហារូបិយប័ណ្ណវ៉ុនចុះខ្សោយ៕


