ក្រុមចោរប្លន់ដែលធាក់ និងកាប់ជនរងគ្រោះយកម៉ូតូ២ករណី កក្រើកនៅស្រុកអង្គស្នូល ខេត្តកណ្តាល ត្រូវកម្លាំងនគរបាលបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួន៦នាក់ ខណៈ៦នាក់ទៀតកំពុងគេចខ្លួន


KCSM2026-03-26 07-56pm


(កណ្តាល)៖ ក្រុមចោរប្លន់ដែលប្រើសកម្មភាពយ៉ាងសាហាវដោយបើកម៉ូតូមកធាក់ និងកាប់ជនរងគ្រោះ ហើយយកម៉ូតូបើករត់គេចខ្លួននៅក្នុងភូមិសាស្រ្តស្រុកអង្គស្នួល ខេត្តកណ្តាល នាំឲ្យពលរដ្ឋមូលដ្ឋានមានការភ័យខ្លាចយ៉ាងខ្លាំង នោះ ត្រូវបានកម្លាំងនគរបាល បើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួនជាបន្តបន្ទាប់ចំនួន៦នាក់ ខណៈមេក្លោង និងបក្ខពួក៦នាក់ទៀត កំពុងរត់គេចខ្លួន។


ក្រុមជនល្មើសទាំងនេះ បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីពលរដ្ឋក្នុងករណី២ផ្សេងគ្នា ដោយករណីទី១ កើតឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៥និង៤០នាទីទៀបភ្លឺ នៅចំណុចផ្លូកៅស៊ូ ភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល និងករណីទី២ បានកើតឡើងនៅយប់រំលងអាធ្រាត្រចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុងក្នុងភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល។


ក្រោយទទួលបានព័ត៌មាន និងករណីប្លន់ដោយប្រើរូបភាពធាក់ផ្តួល និងកាប់ម្ចាស់ម៉ូតូយ៉ាងព្រៃផ្សៃបែបនេះ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រោមការសម្រប សម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបញ្ជាកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល បើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនក្រុម ចោរទាំងនេះជាបន្តបន្ទាប់ចំនួន៦នាក់។ ដោយឡែកមេក្លោង និងបក្ខពួក៦នាក់ទៀត បាននិងកំពុងរត់គេចខ្លួន។


យោងតាមការរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា សម្រាប់ករណីប្លន់ទី១ ជនរងគ្រោះមានឈ្មោះ បោក ពិសី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិត្រពាំងក្ដូរ ឃុំត្រពាំងសាលាលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ករណីប្លន់ទី២ ជនរងគ្រោះមានឈ្មោះ ជីវន្ត័ សីហា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងម៉ាស៊ីន ទីលំនៅភូមិកណ្តាល ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។


របាយការណ៍បានបញ្ជាក់ថា ក្រុមចោរប្លន់ទាំង១២នាក់ (ឃាត់៦នាក់) រួមមាន៖


*ទី១៖ ឈ្មោះ មី វណ្ណរិទ្ធិ ហៅពាក្យ អាយុ១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ

*ទី២៖ ឈ្មោះ វឿន សុខហេង អាយុ១៧ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល

*ទី៣៖ ឈ្មោះ លី ឡុង អាយុ១៦ឆ្នាំ មុខរបរកម្មករចាក់សាំង ស្នាក់នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកជិះម៉ូតូជនរងគ្រោះ ក្រោយប្លន់បាន)

*ទី៤៖ ឈ្មោះ ស៊ាប រដ្ឋា ហៅជេម អាយុ១៧ឆ្នាំ មុខរបរជាងជួសជុលផាស់អាប់ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

*ទី៥៖ ឈ្មោះ សៀង ឆាយ អាយុ២០ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

*ទី៖ ឈ្មោះ ឈួយ វ៉ាន់ថា អាយុ១៦ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

*ទី៧៖ ឈ្មោះ អាកា អាយុប្រហែល២៤ឆ្នាំ ជាមេក្លោង កំពុងគេចខ្លួន

*ទី៨៖ ឈ្មោះ ចេវ អាយុ១៨ឆ្នាំ គេចខ្លួន

*ទី៩៖ ឈ្មោះ ម៉ៅ គេចខ្លួន

*ទី១០៖ ឈ្មោះ ឡុង គេចខ្លួន

*ទី១១៖ និងបក្ខពួកចំនួន០២នាក់ទៀត មិនស្គាល់អត្តសញ្ញាណ។


នៅចំពោះមុខសមត្ថកិច្ច ក្រុមជនល្មើស បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូរបស់ជនរងគ្រោះពិតមែន ហើយឈ្មោះ លី ឡុង ជាមេក្លោងម្នាក់ ដែលបានឆាតហៅមកផឹកស៊ីជុំគ្នារួច ចេញធ្វើសកម្មភាពរួមគ្នា។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។













أحدث أقدم