KCSM2026-03-23 02-22pm
(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមចោរប្លន់៤នាក់ ព្រមទាំងដកហូត បានគ្រឿងញៀនជាង២គីឡូក្រាម ម៉ូតូ និងកង់បីជិត១០គ្រឿង បន្ទាប់ពីពួកគេធ្វើសកម្មភាពប្លន់ម៉ូតូមួយគ្រឿង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយមានករណីប្លន់ភ្លាម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ វេលាម៉ោង១៣៖០៨នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលលេខ១០ ផ្លូវបេតុង ស្ថិតក្នុងភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានចាប់ខ្លួនរួមមាន៖
*ទី១៖ឈ្មោះ ភោគ សំណាង អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិកាកាប២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ
*ទី២៖ឈ្មោះ ណា ទិត្យ អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ១១ ផ្លូវលំ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ
*ទី៣៖ឈ្មោះ ហៀប គន្ធា អាយុ៤៣ឆ្នាំ អ្នកទទួលផលស្នាក់នៅផ្ទះលេខក៩ ផ្លូវបេតុង ភូមិអណ្តូង៦ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ
*ទី៤៖ឈ្មោះ ឆាយ រតនា អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវលំ ភូមិអណ្តូងចាស់ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។










