រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល បញ្ជាឱ្យទម្លាក់គ្រាប់កម្ទេចស្ពាន និងផ្ទះសម្បែងជាច្រើនទៀតនៅភាគខាងត្បូងលីបង់


KCSM2026-03-23 12-37pm




(ហ្សេរុយសាឡិម)៖ នាថ្ងៃអាទិត្យ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានប្រកាសថា យោធាទទួលបានបញ្ជាឱ្យកម្ទេចស្ពានទាំងអស់នៅតាមបណ្តោយទន្លេ Litani ភាគខាងត្បូងប្រទេសលីបង់ ដែលត្រូវបានគេជឿថាជាផ្លូវដឹកជញ្ជូនសព្វាវុធ និងសកម្មភាពភេរវកម្មរបស់ក្រុមហេសបូឡា (Hezbollah)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។


លោក Katz បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ និងរូបខ្ញុំ បានបញ្ជាឱ្យកងកម្លាំងការពារជាតិអ៉ីស្រាអែល (IDF) កម្ទេចស្ពានទាំងអស់លើទន្លេ Litani ជាបន្ទាន់ ដើម្បីរារាំងមិនឱ្យក្រុមហេសបូឡា និងសព្វាវុធរបស់ពួកគេធ្វើដំណើរចុះទៅភាគខាងត្បូង»។ ក្រៅពីការបំផ្លាញស្ពាន យោធាក៏ត្រូវបានបញ្ជាឱ្យ «ពន្លឿនការកម្ទេចលំនៅដ្ឋាន» នៅក្នុងភូមិគោលដៅ ដែលអ៉ីស្រាអែលចាត់ទុកថាជាកន្លែងដែលក្រុមហេសបូឡាប្រើប្រាស់ ដើម្បីគំរាមកំហែងដល់សហគមន៍នៅតាមព្រំដែនអ៉ីស្រាអែល។


គួរបញ្ជាក់ថា ការសម្រេចចិត្តនេះបង្ហាញពីការបន្តយុទ្ធនាការយោធាដ៏ក្តៅគគុករបស់អ៉ីស្រាអែល ក្នុងគោលបំណងកម្ទេចសមត្ថភាពយោធារបស់ក្រុមហេសបូឡាឱ្យអស់ពីតំបន់ព្រំដែន ស្របពេលដែលជម្លោះសង្គ្រាមរវាងសម្ព័ន្ធមិត្តអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់ កំពុងបន្តរាលដាលកាន់តែខ្លាំងនៅទូទាំងមជ្ឈិមបូព៌ា៕

أحدث أقدم