អុីរ៉ង់ទោះខ្ទេចទៅជាផេះ ក៏មិនចរចាជាមួយអាមេរិកឡើយ ហើយអាចបន្តសង្រ្គាមដល់ពេលណាក៏បាន ។



KCSM2026 -03-04 05-56pm







(តេហេរ៉ង់)៖សង្រ្គាមនៅមជ្ឈិមបូព៌ាបានបន្តដល់ថ្ងៃទី៥ លោក Mohammad Mokhber ដែលជាទីប្រឹក្សារបស់អតីតមេដឹកនាំកំពូលអ៉ីរ៉ង់ Ayatollah Ali Khamenei នាថ្ងៃពុធនេះ បានប្រាប់ស្ថានីយទូរទស្សន៍រដ្ឋថា ប្រទេសអ៉ីរ៉ង់មិនមានបំណងចរចាជាមួយអាមេរិកឡើយ ហើយអាចបន្តសង្រ្គាមដល់ពេលណាក៏បាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦។

លោក Mokhber បាននិយាយយ៉ាងដូច្នេះថា «អ៉ីរ៉ង់លែងមានការជឿទុកចិត្តលើអាមេរិកទៀតហើយ ហើយយើងគ្មានមូលដ្ឋានអ្វី ត្រូវចរចាជាមួយពួកគេទេ។ យើងអាចបន្តសង្រ្គាមនេះដល់ពេលណាក៏បានដែរ»។ នាថ្ងៃពុធនេះ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បានអះអាងថា ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មួយរបស់ពិភពលោក បានស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនទាំងស្រុង ប៉ុន្តែកាលពីថ្ងៃអង្គារ ខាងយោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានបាញ់ពន្លិចនាវាចម្បាំងទាំងអស់របស់កងទ័ពជើងទឹកអ៉ីរ៉ង់។

គួរបញ្ជាក់ថា សង្រ្គាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង កាលពីចុងសប្តាហ៍មុន នៅពេលអ៉ីស្រាអែលនិងអាមេរិក រួមដៃគ្នាទម្លាក់គ្រាប់បែក​លើអ៉ីរ៉ង់ ផ្តាច់ជីវិតក្រុមមន្រ្តីជាន់ខ្ពស់របស់អ៉ីរ៉ង់ រួមមានទាំងមេដឹកនាំកំពូល លោក Ayatollah Ali Khamenei។ វាកើតឡើងបន្ទាប់ពីអាមេរិកនិងអ៉ីរ៉ង់ បានចរចាគ្នា៣លើកកាលពីខែកុម្ភៈ ជុំវិញបញ្ហានុយក្លេអ៊ែររបស់អ៉ីរ៉ង់។អ៉ីរ៉ង់បានសងសឹកវិញ ដោយបាញ់ស្រោចមីស៉ីលនិងដ្រូនលើអ៉ីស្រាអែល ព្រមទាំងបណ្តាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក នៅក្នុងតំបន់៕

أحدث أقدم