KCSM2026-03-14 11-21am
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសុក្រ ទី១៣ ខែមីនាថា សហរដ្ឋអាមេរិក បានបំផ្លាញគោលដៅយោធា នៅលើកោះ Kharg ដែលជាមជ្ឈមណ្ឌលប្រេងដ៏សំខាន់បំផុតរបស់អ៉ីរ៉ង់ ហើយគំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធប្រេងនៅទីនោះទៀត ប្រសិនបើអ៉ីរ៉ង់នៅតែបន្តការវាយប្រហារ ដែលរារាំងដល់ចរាចរណ៍ដឹកជញ្ជូន តាមច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
Kharg Island បម្រើជាស្ថានីយនាំចេញ ៩០ភាគរយនៃប្រេងអ៉ីរ៉ង់។ ក្នុងការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ត្រាំ សរសេរថា «យោធាអាមេរិកបានបំផ្លាញចោលទាំងស្រុង នូវរាល់គោលដៅយោធាលើកោះ Kharg ខណៈឱ្យទុកហេដ្ឋារចនាសម្ព័ន្ធប្រេងនៅដដែល»។
លោក ត្រាំ ក៏បានព្រមានដែរថា «បើអ៉ីរ៉ង់ ឬនរណាម្នាក់ផ្សេងទៀត ធ្វើអ្វីមួយដើម្បីជ្រៀតជ្រែក ដល់ការធ្វើដំណើរដោយសេរី និងសុវត្ថិភាពនៃនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ខ្ញុំនឹងពិចារណាឡើងវិញភ្លាមៗ នូវការសម្រេចចិត្តនេះ»។
គួរបញ្ជាក់ថា តម្លៃប្រេង ប្រែប្រួលលឿនទៅតាមមតិយោបល់របស់លោក ត្រាំ ជុំវិញរយៈពេលនៃការធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ស្របពេលដែលអ៉ីរ៉ង់ កំពុងប្រើប្រាស់បញ្ហាថាមពលជាការដាក់សម្ពាធ ដោយបន្តវាយប្រហារនាវានៅច្រកសមុទ្រ Hormuz។ ទោះជាលោក ត្រាំ ធ្លាប់និយាយថាសង្រ្គាម នឹងមានរយៈពេលតែប៉ុន្មានសប្តាហ៍ក៏ដោយ ប៉ុន្តែកាលពីថ្ងៃសុក្រ លោកបានបដិសេធបង្ហាញជាសាធារណៈ អំពីកាលបរិច្ឆេទបញ្ចប់ជម្លោះនេះ៕


