KCSM2026-04-28 03-57pm
(ភ្នំពេញ)៖ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរស២នាក់ ក្នុងនោះ ម្នាក់ជាមេខ្លោងដឹកនាំប្រមូលកៀរគរជនជាតិខ្មែរ និងបរទេសជាង ១០០នាក់ ធ្វើបាតុកម្មតវ៉ាបិទផ្លូវខុសច្បាប់ និងឈានដល់បង្កឲ្យមានអំពើហិង្សាកើតឡើងអំពីបញ្ហាធនាគារ Huione & H Pay នៅខាងមុខធនាគារជាតិ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសទាំង២នាក់មានឈ្មោះ សួន សុវណ្ណថៃ អាយុ៤០ឆ្នាំ មុខរបរ ម៉ៅការសំណង់ ស្នាក់នៅបុរី វីអាយភី ផ្ទះលេខ២០ ផ្លូវ3A ភូមិមុឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ និងឈ្មោះ វ៉ាត់ មករា អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការឃាត់ខ្លួននេះ គឺក្រោយមានហេតុការណ៍មានការប្រមូលផ្តុំធ្វើបាតុកម្ម តវ៉ាបិទផ្លូវខុសច្បាប់ បង្កឲ្យមានអំពើហិង្សាកើតឡើង។
បច្ចុប្បន្នបុរសទាំង២នាក់ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងអនុវត្តតាមនីតិវិធី៕


