លោក ត្រាំ ថាការវាយប្រហារឡើងវិញលើអ៉ីរ៉ង់អាចទៅរួច ខណៈទី​ក្រុងតេហេរ៉ង់ ថាត្រៀមខ្លួនជាស្រេចសម្រាប់ការចរចានិងសង្រ្គាម


KCSM2026-05-04 07-34pm


(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី២ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងពិនិត្យមើលឆាប់ៗនេះ ចំពោះសំណើសន្តិភាពចុងក្រោយបង្អស់របស់អ៉ីរ៉ង់ ប៉ុន្តែទំនងជានឹងមិនទទួលយកវាឡើយ ហើយលោកបានបន្ថែមទៀតថា ការវាយប្រហារឡើងវិញលើអ៉ីរ៉ង់ គឺជាលទ្ធភាពមួយអាចទៅរួច។ 


លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមថា «ខ្ញុំនឹងពិនិត្យមើលសំណើដែលអ៉ីរ៉ង់ ទើបតែបានផ្ញើមកយើងក្នុងពេលឆាប់ៗ ប៉ុន្តែមិនអាចស្រមៃថា វានឹងអាចទទួលយកបាននោះឡើយ ដ្បិតពួកគេមិនទាន់ទទួលរងផលវិបាកធ្ងន់គ្រប់គ្រាន់ទេ សម្រាប់អ្វីដែលពួកគេបានធ្វើចំពោះមនុស្សជាតិ និងពិភពលោក ក្នុងរយៈពេល៤៧ឆ្នាំកន្លងមកនេះ»។ ក្នុងថ្ងៃសៅរ៍ដដែល មុនពេលឡើងយន្តហោះទៅកាន់ទីក្រុង Miami លោក ត្រាំ ត្រូវបានសាកសួរថា តើលោកអាចនឹង​បន្តការវាយប្រហារលើអ៉ីរ៉ង់ឡើងវិញដែរឬយ៉ាងណា ហើយលោកប្រធានាធិបតីអាមេរិក បានឆ្លើយតបថា វាជាលទ្ធភាពមួយដែលអាចទៅរួច ប្រសិនបើអ៉ីរ៉ង់ប្រព្រឹត្តខ្លួនមិនបានល្អ ឬធ្វើសកម្មភាពអ្វីដែលមិនត្រឹមត្រូវ។


ដោយឡែក កាលពីថ្ងៃសៅរ៍ មន្រ្តីយោធាជាន់ខ្ពស់មួយរូបរបស់អ៉ីរ៉ង់ គឺលោក Mohammad Jafar Asadi បាននិយាយថា ការផ្ទុះការប្រយុទ្ធគ្នាឡើងវិញរវាងអ៉ីរ៉ង់​និងអាមេរិក គឺទំនងអាចទៅរួច ដ្បិតភស្តុតាងកន្លងមក បានបង្ហាញឱ្យឃើញរួចហើយថា សហរដ្ឋអាមេរិកមិនគោរពពាក្យសន្យា ឬការព្រមព្រៀងគ្នាណាមួយឡើយ។ ទន្ទឹមគ្នា អនុរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Kazem Gharibabadi ក៏បាននិយាយដែរថា នាពេលនេះអ្វីៗគឺអាស្រ័យលើសហរដ្ឋអាមេរិក ដើម្បីជ្រើសរើសរវាង​ផ្លូវដោះស្រាយជម្លោះតាមការទូត ឬមួយក៏ផ្លូវនៃការបន្តប្រឈមមុខដាក់គ្នាសាជាថ្មី ហើយលោកបានសង្កត់ធ្ងន់ថា អ៉ីរ៉ង់បានត្រៀមលក្ខណៈជាស្រេច សម្រាប់ជម្រើសទាំងពីរ។


គួរបញ្ជាក់ថា សង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ហើយបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកអស់រយៈពេលប្រហែល​៥សប្តាហ៍ នាពេលនេះការវាយប្រហារដាក់គ្នាទៅវិញទៅមក ត្រូវបានផ្អាកក្រោមបទឈប់បាញ់ ប៉ុន្តែភាពតានតឹងនៅតែបន្ត៕


ប្រភព:AFP





أحدث أقدم